ជំងឺរាតត្បាត COVID-19៖ ពិភពលោករកឃើញអ្នកជំងឺជាង ២ លាននាក់
(VOVWORLD) - សហរដ្ឋអាមេរិកបន្តជាប្រទេស ដែលមានចំនួនអ្នកឆ្លងជំងឺ និងស្លាប់ដោយសារ COVID-19 ច្រើនបំផុត ពោលគឺ មានករណីស្លាប់ចំនួន ២៣ ២១៩ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺជាង ៥៧៧,០០០ នាក់។
ស្ត្រីម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះដោយបុគ្គលិកសុខាភិបាលនៅសហរដ្ឋអាមេរិក ( រូបថត៖ REUTERS / Mike Segar) |
យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins (សហរដ្ឋអាមេរិក) បានឲ្យដឹងថា៖ គិតត្រឹមម៉ោង ៧ និង៣០ នាទី ថ្ងៃទី ១៤ ខែមេសា (ម៉ោងនៅវៀតណាម) ចំនួនករណីឆ្លងជំងឺ COVID-19 បានកើនជាង ២ លាននាក់។ ពោលគឺ ករណីឆ្លងជំងឺ COVID-19 សរុបនៅលើពិភពលោកមានចំនួន ២.០១៩.៣២០ នាក់ ដែលក្នុងនោះ ចំនួន ១១៩.៤៨៣ នាក់បានស្លាប់។ សហរដ្ឋអាមេរិកបន្តជាប្រទេស ដែលមានចំនួនអ្នកឆ្លងជំងឺ និងស្លាប់ដោយសារ COVID-19 ច្រើនបំផុត ពោលគឺ មានករណីស្លាប់ចំនួន ២៣ ២១៩ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺជាង ៥៧៧,០០០ នាក់។
អ៊ឺរ៉ុបគឺជាតំបន់ ដែលរងផលប៉ះពាល់ខ្លាំងបំផុតទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយសារ COVID-19។ អេស្ប៉ាញជាប្រទេស ដែលមានករណីឆ្លងជំងឺច្រើនទីពីរនៅលើពិភពលោក ខណៈដែលរកឃើញករណីឆ្លងចំនួន ១៦៩.៦២៨ នាក់ ដែលក្នុងនោះមានករណីស្លាប់ជាង ១៧.៦២៨ នាក់។ ទន្ទឹមនឹងនេះ អ៊ីតាលីបានរកឃើញករណីឆ្លងថ្មីចំនួន ៣.១៥៣នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើង ១៥៩.៥១៦ នាក់ ហើយមាន ២០.៤៦៥នាក់ស្លាប់។ នៅបារាំងវិញ មានករណីស្លាប់ចំនួន១៤៩៦៧ នាក់ ក្នុងចំណោមករណីឆ្លងសរុប ១៣៦.៧៧៩ នាក់។
ក្នុងបរិបទ ដែលចំនួនករណីឆ្លងជំងឺ និងស្លាប់ដោយសារ COVID-19 បានបន្តកើនឡើង ប្រទេសជាច្រើននៅលើពិភពលោកបានបន្តអនុវត្តវិធានការទប់ស្កាត់ជំងឺរាតត្បាតជាច្រើន។ នៅជប៉ុន អភិបាលខេត្ត Ishikawa លោក Tanimoto Masanori បានប្រកាសស្ថានភាពបន្ទាន់ ដោយសារជំងឺ COVID-19 ខណៈដែលអ្នកឆ្លងជំងឺបានកើនឡើងយ៉ាងគំហុកនាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសជំងឺរាតត្បាត
COVID-19 ជាគ្រោះមហន្តរាយជាតិ ខណៈដែលករណីស្លាប់ដោយសារជំងឺនេះបានបន្តកើនឡើង ពោលគឺមានករណីស្លាប់ចំនួន ៣៩៩ នាក់និង ៤.៥៥៧ នាក់ឆ្លងជំងឺ COVID-19 ផងដែរ៕