ជំងឺរាតត្បាតកូវីដ ១៩៖ មនុស្សជាង ២០ លាននាក់ Download កម្មវិធី Bluezone
(VOVWORLD) - យោងតាមស្ថិតិរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងព័ត៌ មាននិងទូរគមនាគមន៍ថាគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ២០ ខែសីហា កម្មវិធី Bluezone មានអ្នក Download លើសពី ២០ លាននាក់ (កើនឡើងប្រហែល ១០០ ដងបើប្រៀបធៀបនឹងអំឡុងពេលថ្ងៃ ២៥ ខែកក្កដា ឆ្នាំ ២០២០)។
ដើម្បីបង្កើនចំនួនអ្នក Download និងប្រើប្រាស់កម្មវិធី Bluezone នេះ ក្នុងរយៈពេល ៤ សប្តាហ៍កន្លងមក ក្រសួងព័ត៌មាននិងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការឃោសនាដើម្បីឲ្យប្រជាជន នៅទូទាំងប្រទេស តម្លើង Bluezone ឲ្យទាល់តែបាន។ Bluezone គឺជាកម្មវិធីមួយដែលប្រើបច្ចេកវិទ្យា Bluetoodh ដែលមានថាមពលទាប (Bluetooth Low Energy) ដើម្បីកត់ត្រានូវករណីប៉ះពាល់ជិត រវាងទូរស័ព្ទចល័តឆ្លាតវៃដែលបានដំឡើងនិងប្រើប្រាស់កម្មវិធី Bluezone ដូចគ្នា។ កម្មវិធីនេះនឹងព្រមានឲ្យយើងដឹង ប្រសិនបើអ្នកប្រើប្រាស់ប៉ះពាល់ជិតនឹងករណីឆ្លងជំងឺ ឬសង្ស័យឆ្លងជំងឺ ជាដើម។
សូមគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្មវិធី Bluezone បានជួយភ្នាក់ងារសុខភាពក្នុងតំបន់ ធ្វើការតាមដាននិងរកឃើញករណីចំនួន ១.៣៩១ ករណី (ដែលជាករណីក្រៅពីបញ្ជីតាមដាន) ករណីសង្ស័យធ្លាប់ប៉ះពាល់ជិតអ្នកឆ្លង ឬសង្ស័យថាឆ្លងកូវីដ ១៩៕