ជំនួបពិភាក្សាជាន់ខ្ពស់រវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

(VOVWORLD) - នារសៀលថ្ងៃទី ១២ ធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។

ជំនួបពិភាក្សាជាន់ខ្ពស់រវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping - ảnh 1ថ្នាក់ដឹកនាំទាំងពីរអញ្ជើញថតរូបអនុស្សាវរីយ៍ មុនពេលចូលជួបពិភាក្សា (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សានេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកទីបីនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨ - ២០១៣) បង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាទស្សនវិស័យដ៏ល្អនៃទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាងមុខ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី នាំទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឡើងកំពស់ថ្មី។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះប្រទេសចិនដែលសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន ចាប់តាំងពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន; ជឿជាក់ថា រដ្ឋ និងប្រជាជនចិននឹងសម្រេចបានដោយជោគជ័យនូវគោលដៅនៃការខិតខំរយៈពេល ១០០ ឆ្នាំទីពីរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមតែងតែចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃកំណែទម្រង់ ជាមួយឋានៈអន្តរជាតិកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានអះអាងថា ចិនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសអ្នកជិតខាង។

ជំនួបពិភាក្សាជាន់ខ្ពស់រវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សារវាងអគ្គលេខាបក្សលោក Nguyen Phu Trong  ជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក Xi Jinping (រូបថត៖ VOV)

នៅចំពោះមុខតម្រូវការថ្មី ភាគីទាំងពីរបានឯកភាពគ្នាកសាងសហគមន៍ចែក រំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការស្មើភាពគ្នា ដើម្បី ផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក និងការដោះស្រាយជម្លោះដោយសន្តិវិធី។

បន្ទាប់ពីកិច្ចពិភាក្សាជាន់ខ្ពស់ អគ្គលេខាបក្សទាំងពីររូបបានរួមគ្នាមើល និងស្តាប់ការណែនាំអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យចំនួន ៣៦ ដែលបានចុះហត្ថលេខារវាង ក្រសួង ស្ថាប័ននិងមូលដ្ឋាននៃប្រទេសទាំងពីរ បង្ហាញពីសមិទ្ធិផលដ៏សម្បូរបែប ដែលភាគីទាំងពីរសម្រេចបានយ៉ាងទូលំទូលាយក្នុងដំណើរទស្សនកិច្ចលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ