ជនរួមជាតិបណ្តាសាសនាតែងតែរួមដំណើរជាមួយប្រទេសជាតិ
(VOVWORLD) - ក្នុងឱកាសពិធីបុណ្យណូអែលឆ្នាំ ២០២៣ និងស្វាគមន៍ឆ្នាំថ្មី ២០២៤ កាលពីថ្ងៃទី ២០ ខែធ្នូ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះទីសំណាក់អាសឺវែកនៃតំបន់កាន់សាសនាកាតូលិកនៅទីក្រុងហាណូយ និងសមាគមសាសនាប្រូតេស្តង់វៀតណាម (ភាគខាងជើង) ។
អញ្ជើញទៅសួរសុខទុក្ខនៅទីសំណាក់អាសឺវែកទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើសារអបអរសាទរបុណ្យណូអែលដល់លោក Giuse Vu Van Thien អាសឺវ៉ែកនៃតំបន់កាន់សាសនាកាតូលិកហាណូយ អនុប្រធានក្រុមប្រឹក្សាអាសឺវ៉ែកវៀតណាម និងបណ្តាអ្នកមុខអ្នកការ និងជនរួមជាតិកាន់សាសនាកាតូលិកទូទាំងប្រទេស។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះទីសំណាក់អាសឺវែកនៃតំបន់កាន់សាសនាកាតូលិកនៅទីក្រុងហាណូយ។ រូបថត៖ Minh Duc/TTXVN |
បើតាមលោក Do Van Chien នាពេលកន្លងទៅ ជនរួមជាតិកាន់សាសនាកាតូលិកបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនាដោយរណសិរ្សមាតុភូមិវៀតណាម បំផុសឡើង សកម្មចូលរួមពលកម្មផលិតកម្ម កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន អនុវត្តសកម្មភាពសប្បុរសធម៍ មនុស្សធម៌នានា តាមនោះផ្សព្វផ្សាយនូវតម្លៃសីលធម៌ដ៏ល្អប្រសើររបស់គ្រិស្តសាសនិក។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសង្ឃឹមថា ៖ អាសឺវ៉ែក Giuse Vu Van Thien នឹងបន្តដឹកនាំ លើកទឹកចិត្តជនរួមជាតិកាន់សាសនាកាតូលិកនៅវៀតណាមនិងតំបន់កាន់សាសនាកាតូលិក រួមសាមគ្គីជាមួយប្រជាជនទាំងមូល បន្តពង្រីកតម្លៃវប្បធម៌ សីលធម៌ល្អប្រសើររបស់កាតូលិក និងប្រជាជាតិ រួមដំណើរកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែសម្បូររុងរឿង និងសុភមង្គល។
ក្នុងឱកាសបុណ្យណូអែល ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះសមាគមសាសនាប្រូតេស្តង់វៀតណាម (ភាគខាងជើង) ផងដែរ៕