ជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុត ចូលទៅក្នុងសមុទ្រ
(VOVWORLD) - ប្រទេសជប៉ុននៅថ្ងៃទី ២៤ ខែសីហា បានចាប់ផ្តើមបង្ហូរទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ ១ ចូលទៅក្នុងសមុទ្រ។
រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ប្រទេសជប៉ុន ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣។ រូបភាព៖ AFP/VNA |
នៅក្នុងវីដេអូដែលផ្សាយផ្ទាល់ពីបន្ទប់ប្រតិបត្តិការ សាជីវកម្មថាមពលអគ្គិសនីតូក្យូ (TEPCO) បានប្រកាសរូបភាពបុគ្គលិកកំពុងបើកម៉ាស៊ីនបូមទឹកសមុទ្រ តាមនោះ បង្ហូរទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុតទៅក្នុងសមុទ្រ។ ទាក់ទិននឹងការសម្រេចចិត្តរបស់ជប៉ុននេះ ក្រសួងការបរទេសចិនបានប្រឆាំងជំទាស់ ដោយចាត់ទុកថា នេះជាបញ្ហាដ៏ធំចំពោះសុវត្ថិភាពនុយក្លេអ៊ែរ និងមានឥទ្ធិពលឆ្លងព្រំដែន។
នៅក្នុងរបាយការណ៍សុវត្ថិភាពកាលពីខែមុន ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ថា ការបង្ហូរទឹកសំណល់វិទ្យុសកម្មរបស់ប្រទេសជប៉ុននឹងមានផលប៉ះពាល់តិចតួចដល់មនុស្ស និងបរិស្ថាន។ នាថ្ងៃទី ២៣ ខែសីហា IAEA បានឲ្យដឹងថា ខ្លួននឹងជូនដំណឹងជាទៀងទាត់ដល់រដ្ឋាភិបាលកូរ៉េខាងត្បូង អំពីសកម្មភាពរបស់ជប៉ុនក្នុងការបង្ហូរទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ IAEA អះអាងថា ផែនការបង្ហូរទឹកសំណល់របស់ជប៉ុន បាន“បំពេញតាមស្តង់ដារសុវត្ថិភាពរបស់ IAEA ដែលត្រូវបានប្រើប្រាស់ជាធម្មនិយាមសកល ដើម្បីធានាសុវត្ថិភាពដល់មនុស្ស និងបរិស្ថាន”៕