ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ឈានមុខនិងយូរអង្វែងរបស់វៀតណាម
(VOVWORLD) - ជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម លើបណ្តាវេទិកាតំបន់និងអន្តរជាតិ ក៏ដូចជា សម្តែងការគាំទ្រចំពោះគោលជំហររបស់វៀត ណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide មកសម្តែងការគួរសម (រូបថត៖ VGP) |
នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ដែលអញ្ជើញមកសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការដែលលោកនាយករដ្ឋមន្រ្តី Suga Yoshihide ជ្រើសរើសវៀតណាមជាប្រទេសដើមដំបូងសម្រាប់ដំណើរទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែង ដែលបង្ហាញនូវការគោរពពិសេសចំពោះវៀតណាមនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់ជប៉ុនលើបញ្ហាសមុទ្រខាងកើត ក្នុងនោះមានការដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN) |
ចំណែកឯលោកនាយករដ្ឋមន្រ្តី Suga Yoshihide បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពយ៉ាងសកម្មប្រកប ដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវរបស់វៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ាន ២០២០។ លោកបានអះអាងថា ជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម លើបណ្តាវេទិកាតំបន់និងអន្តរជាតិ ក៏ដូចជា សម្តែងការគាំទ្រចំពោះគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិដែលវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងកោតសរសើរវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ នូវជំងឺរាតត្បាតកូវីដ- ១៩។ លោកបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនយកចិត្តទុកដាក់ខ្ពស់ចំពោះឋានៈរបស់វៀតណាមនៅក្នុងតំបន់និងគាំទ្រជានិច្ចនូវការអភិវឌ្ឍន៍របស់វៀតណាម៕