ជប៉ុន​អះអាង​ថា វៀតណាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​បើក​ទូលាយ​ ដែល​មាន​អត្ថ​ប្រយោជន៍​យុទ្ធសាស្ត្រ​រួម

(VOVWORLD) - វៀតណាមជាដៃគូយុទ្ធសាស្ត្របើកទូលាយ ដែលមានអត្ថប្រយោជន៍យុទ្ធសាស្ត្ររួមជាមួយជប៉ុន។ នេះគឺជាការអះអាងរបស់មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូប នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីលោក Fumio Kishida។
ជប៉ុន​អះអាង​ថា វៀតណាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​បើក​ទូលាយ​  ដែល​មាន​អត្ថ​ប្រយោជន៍​យុទ្ធសាស្ត្រ​រួម - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida  (ប្រភព៖ Kyodo/TTXVN)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូនាថ្ងៃទី ២៨ ខែមេសា មន្ត្រីរូបនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Kishida នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី ១ ឧសភា។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោកនាយករដ្ឋមន្ត្រី Kishida គ្រោងនឹងមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅថ្ងៃទី ១ ខែឧសភា។ ក្រៅពីនេះ លោកក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោក Vuong Dinh Hue ផងដែរ។

យោងតាមមន្ត្រីរូបនេះ គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Kishida ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ លើកនេះ គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនេះ ដើម្បីសម្រេចឲ្យបាននូវតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ ទន្ទឹមនឹងនេះពង្រឹងថែមទៀតការសម្របសម្រួលលើចក្ខុវិស័យអាស៊ានសម្រាប់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក (AOIP)។ ក្រៅពីនេះ ក្នុងនាមជាប្រទេសអាស៊ីតែមួយគត់ដែលជាសមាជិកក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) ជប៉ុនក៏មានបំណងចង់ផ្លាស់ប្តូរទស្សនៈជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីស្ថានភាពអ៊ុយក្រែនផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ