ជម្រុញដោយឥតឈប់ឈរដើម្បីទំនាក់ទំនងវៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយ លោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិនមកជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាមនិងធ្វើជាសហប្រធានដឹកនាំសន្និសីទ សហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម លើកទី ៧ រវាងក្រសួងនគរបាលនៃប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Zhao Kezhi រដ្ឋមន្ត្រីនគរបាលចិនដែលមកសម្តែងការគួរសម (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីនគរបាលទាំងពីររូប និងស្នើឲ្យក្រសួងនគរបាលនៃប្រទេសទាំងពីរ បន្តអនុវត្តយ៉ាងល្អនូវការយល់ដឹងរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ ជាពិសេស លើកកម្ពស់តួនាទីរបស់ខ្លួនក្នុងបរិបទនៃស្ថានភាពធម្មតាថ្មី ពោលគឺ ទាំងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ផង និងទាំងការស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចផង។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្សរដ្ឋនិងប្រជាជនវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាមួយបក្សរដ្ឋ និងប្រជាជនចិន។ ជាងនេះទៅទៀត វៀតណាមត្រៀមជាស្រេច រួមជាមួយភាគីចិន ដើម្បីរក្សាការផ្លាស់ប្តូរគណៈ ប្រតិភូជាន់ខ្ពស់ គ្រប់គ្រងការខ្វែងគំនិតគ្នា អនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយប្រសិទ្ធ និងជម្រុញដោយឥតឈប់ឈរនូវទំនាក់ទំនងវៀតណាម - ចិនឲ្យមានការអភិវឌ្ឍប្រកបដោយស្ថេរភាព។
រីឯខ្លួនវិញលោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិនបានសង្កត់ធ្ងន់ថា គោលបំណងនៃដំណើរទស្សនកិច្ចលើកនេះគឺដើម្បីជ្រួតជ្រាបការអនុវត្តនូវការយល់ដឹង ទូទៅកម្រិតខ្ពស់ ជាពិសេសក្នុងវិស័យអនុវត្តច្បាប់។ លោករដ្ឋមន្រ្តីរូបនេះបានឲ្យដឹងថា ក្នុងរយៈពេលខាងមុខនេះ ក្រសួងនគរបាលទាំងពីរនឹងបន្តសម្របសម្រួលដើម្បីអនុវត្តឱ្យបានល្អនូវការយល់ដឹងញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ដោយជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍកាន់តែទូលំទូលាយនូវទំនាក់ទំនងចិន - វៀតណាម នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់និងពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីនគរបាលចិនលោក Zhao Kezhi ក្នុងពិធីទទួលជួប (រូបថត៖ TTXVN) |
នាថ្ងៃទី ១៩ ខែកុម្ភៈនេះ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាមផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសកម្មទៅក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរវាងក្រសួងនគរបាលនៃប្រទេសទាំងពីរជាក់ជាពុំខាន៕