ជម្លោះ Hamas-Israel៖ ប៉ាឡេស្ទីនទាមទារឲ្យអ៊ីស្រាអែលគោរពតាមសេចក្តីសម្រេចរបស់ ICJ
(VOVWORLD) - នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Mohammad Shtayyeh នៅថ្ងៃទី ២៩ ខែមករា បានស្នើឱ្យអ៊ីស្រាអែលគោរពតាមសេចក្តីសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលអ៊ីស្រាអែលត្រូវតែចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាស្ទ្រីប។
ICJ បានសម្រេចថា អ៊ីស្រាអែលត្រូវតែគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនចំពោះតំបន់ហ្គាហ្សាស្ទ្រីប (រូបថត៖ CNN) |
ប៉ុស្តិ៍ទូរទស្សន៍ Al Jazeera បានដកស្រង់សេចក្តីថ្លែង របស់នាយករដ្ឋមន្រ្តីប៉ាឡេ ស្ទីនដែលវាយតម្លៃសេចក្តីសម្រេចរបស់ ICJ ថា "សំខាន់" ក្នុងន័យផ្លូវច្បាប់ នយោ បាយ និងមនុស្សធម៌ ជួយបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនប៉ាឡេស្ទីនក្នុងការវិល ត្រឡប់មកមាតុប្រទេសវិញ។ លោកក៏បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងការបញ្ជូនសេចក្តីសម្រេចរបស់ ICJ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើឱ្យបញ្ចប់អំពើហិង្សា និងរាល់ទង្វើដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនប៉ាឡេស្ទីន។
កាលពីម្សិលមិញផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ខ្លួននឹងបន្តផ្តោតលើប្រតិបត្តិការយោធានៅក្នុងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដូចដែលខ្លួនបានធ្វើក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ទាក់ទិននឹងកិច្ចពិភាក្សានៅទីក្រុងប៉ារីស (បារាំង) ដោយមានការចូលរួមពីមន្ត្រីកំពូលមកពីអ៊ីស្រាអែល អាមេរិក កាតា និងអេហ្ស៊ីប ស្តីពីកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងដែលកំពុងត្រូវបានក្រុមហាម៉ាស់ចាប់ឃុំខ្លួន នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា ការចរចាបានសម្រេចបាននូវ "ការរីកចម្រើនល្អ"។ ភាគីបានឈានដល់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្មីមួយស្តីពីការដោះលែងចំណាប់ខ្មាំងជាដំណាក់កាល ក៏ដូចជាការសម្របសម្រួលលំហូរនៃជំនួយបន្ថែមទៀត និងកាត់បន្ថយអំពើហិង្សានៅក្នុងតំបន់ហ្គាហ្សា៕