ជម្លោះ ហាម៉ាស - អ៊ីស្រាអែល៖ ប្រទេសលោកខាងលិចចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យការពារជនស៊ីវិល

(VOVWORLD) - កាលពីថ្ងៃទី ២២ ខែតុលា មេដឹកនាំនៃសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ឡើងវិញនូវការគាំទ្រចំពោះអ៊ីស្រាអែល ក៏ដូចជាសិទ្ធិស្វ័យការពាររបស់ប្រទេសនេះ ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគឺការពារជនស៊ីវិល។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំអនឡាញស្តីពីជម្លោះ ហាម៉ាស-អ៊ីស្រាអែល មេដឹកនាំបណ្តាប្រទេសបានស្វាគមន៍ការដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ដោយចលនាអ៊ីស្លាមហាម៉ាស ហើយបានអំពាវនាវឱ្យកម្លាំងនេះដោះលែងចំណាប់ខ្មាំងអាមេរិកដែលនៅសល់ទាំងអស់ជាបន្ទាន់។ មេដឹកនាំក៏បានសន្យាថា នឹងធ្វើការជាមួយដៃគូក្នុងតំបន់ដើម្បីធានាថាប្រជាជនចំនួន ២,២ លាននាក់នៅក្នុងតំបន់ហ្គាហ្សា មានលទ្ធភាពទទួលបានអាហារ ទឹកស្អាត ការថែទាំសុខភាព និងជំនួយឧបត្ថម្ភផ្សេងទៀតប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា នឹងបន្តជំរុញសកម្មភាពការទូត ដើម្បីទប់ស្កាត់ជម្លោះកុំឱ្យរីករាលដាល រក្សាស្ថិរភាពនៅមជ្ឈិមបូព៌ា និងធ្វើការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ