ជម្លោះរវាងអ៊ីស្រាអែល - ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានៅតែតានតឹងនៅឡើយ
(VOVWORLD) - ជម្លោះរវាងអ៊ីស្រាអែល - ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានៅតែមានសភាពខ្លាំងក្លាហើយទំនងជានឹងអូសបន្លាយជាបន្តដែរ។
នាថ្ងៃទី ១៤ ឧសភា ប្រជាជនប៉ាឡេស្ទីនចំនួន ២៦ នាក់ ត្រូវបានស្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលតម្រង់ទៅលើតំបន់នានានៅហ្គាហ្សា។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ ចំនួនប្រជាជនប៉ាឡេស្ទីនត្រូវស្លាប់បានកើនឡើងដល់ ១២៧ នាក់ ក្នុងនោះមានកុមារ ៣១ នាក់។ ភាគីអ៊ីស្រាអែលក៏បានរាយការណ៍ថា ប្រជាជន ៧ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារសងសឹក។ ថ្វីត្បិតដូច្នេះក៏ដោយ ចលនាប្រដាប់អាវុធនៅតំបន់ហ្គាហ្សាបានប្រកាសថា ពួកគេនឹងចាប់ផ្តើមយុទ្ធនាការថ្មី ប្រឆាំងនឹងអ៊ីស្រាអែលនៅតាមបណ្តោយព្រំដែនហ្គាហ្សានិងតម្រង់ទៅលើទីតាំងយោធាអ៊ីស្រាអែល។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា វេសប៊ែងនិងហ្សេរុយសាឡឹម ដោយអំពាវនាវឱ្យរដ្ឋបាលអាមេរិកអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាននេះពីសំណាក់អ៊ីស្រាអែល ដើម្បីអ្វីៗទាំងអស់នេះនឹងមិនជ្រុលហួសពីការគ្រប់គ្រង។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា នឹងធ្វើអ្វីៗដែលចាំបាច់ដើម្បីស្តារសន្តិសុខឡើងវិញ និងបានឲ្យដឹងថាប្រតិបត្តិការយោធានឹងបន្តទៅមុខទៀត។
នាថ្ងៃទី ១៤ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅអ៊ីស្រាអែលនិងប៉ាឡេស្ទីនបញ្ឈប់សកម្មភាពប្រយុទ្ធជាបន្ទាន់នៅតំបន់ហ្គាហ្សានិងទឹកដីនៃរដ្ឋជ្វីហ្វ។ លោក Guterres ជឿជាក់ថា មានតែដំណោះស្រាយនយោបាយប្រកបដោយចីរភាពប៉ុណ្ណោះ ដែលអាចនាំឱ្យមានសន្តិភាពយូរអង្វែង៕