ជម្លោះហ្គាហ្សា៖ រថក្រោះអ៊ីស្រាអែលសម្រុកចូលដល់កណ្តាលទីក្រុង Rafah
(VOVWORLD) - នាថ្ងៃទី ២៨ ខេឧសភា ប្រភពព័ត៌មានរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានឲ្យដឹងថា រថក្រោះរបស់អ៊ីស្រាអែលបានសម្រុកចូលដល់កណ្តាលទីក្រុង Rafah នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ។
នេះជាលើកទីមួយហើយ ចាប់តាំងពីជម្លោះអស់រយៈពេលជិត ៨ ខែនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង ដែលរថក្រោះអ៊ីស្រាអែលបានសម្រុកចូលទីក្រុង Rafah ទោះបីជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីសាធារណៈមតិអន្តរជាតិក៏ដោយ។ បច្ចុប្បន្ននេះ មិនទាន់ដឹងច្បាស់អំពីចំនួនរថក្រោះរបស់អ៊ីស្រាអែល ដែលចូលដល់កណ្តាលទីក្រុង Rafah ហើយថាតើមានការប្រយុទ្ធគ្នារវាងកងកម្លាំងនេះ និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែរឬទេ។
ច្រកទ្វារអន្តរជាតិ Rafah ដែលតភ្ជាប់តំបន់ហ្គាហ្សាជាមួយឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីប។ រូបថត៖ VOV Cairo |
កាយវិការដ៏គួរឱ្យព្រួយបារម្ភនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសាលក្រមតម្រូវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុង Rafah ភ្លាមមួយរំពិច និងបើកច្រកព្រំដែន Rafah ដែលតភ្ជាប់តំបន់ហ្គាហ្សាជាមួយឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីបឡើងវិញ។ ក្រៅពីនេះ សាធារណៈមតិក្នុងតំបន់ និងអន្តរជាតិក៏កំពុងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ីស្រាអែលលើទីក្រុង Rafah កាលពីយប់ថ្ងៃទី ២៦ ខែឧសភា ដែលបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤៥ នាក់ រួមទាំងកុមារ និងក្មេងជំទង់ជាច្រើននាក់ផងដែរ។ ប្រទេសអារ៉ាប់ និងអ៊ីស្លាមជាច្រើននៅមជ្ឈិមបូព៌ាបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រឆាំងនឹងមតិសាធារណៈ និងច្បាប់អន្តរជាតិ នៅពេលដែលបានបង្កើនការវាយប្រហារលើទីក្រុង Rafah និងតំបន់ជាច្រើនទៀតនៅទូទាំងតំបន់ហ្គាហ្សា៕