ជម្លោះហាម៉ាស- អ៊ីស្រាអែល៖ អាជ្ញាធរអាមេរិក អ៊ីស្រាអែលបានពិភាក្សាអំពី ដំណាក់កាលថ្មីនៃការប្រយុទ្ធគ្នា
(VOVWORLD) -កាលពីថ្ងៃទី ២៦ ខែធ្នូ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែល លោក Ron Dermer ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ "ដំណាក់កាលថ្មី" នៃការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាស។
យោងតាមមន្ត្រីមិនបញ្ចេញឈ្មោះមួយរូប កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរធ្វើការពិភាក្សាអំពី ជំហានកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា និងកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត។ កិច្ចប្រជុំនេះក៏បានពិភាក្សាលើការផ្លាស់ប្តូរទៅកាន់ដំណាក់កាលថ្មីមួយ នៃការប្រយុទ្ធគ្នា ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអតិបរមាលើ "គោលដៅមានតម្លៃខ្ពស់" របស់ក្រុមហាម៉ាស - ចលនាអ៊ីស្លាមប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា។
កងទ័ពអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធានៅទីក្រុង Khan Younis តំបន់ហ្គាហ្សា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ។ រូបថត៖ THX/TTXVN |
កាលពីថ្ងៃទី ២៦ ខែធ្នូ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅរុស្ស៊ី លោក Abdel Hafiz Nofal បានឲ្យដឹងថា តំបន់ហ្គាហ្សាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីន ហើយមិនអាចបំបែកឬស្ថិតក្រោមការចាត់ចែងរបស់ផែនការកាន់កាប់ ឬការបែងចែករបស់អ៊ីស្រាអែលឡើយ។ លើកឡើងអំពីការមិនចុះសម្រុងគ្នាផ្នែកនយោបាយជាមួយក្រុមហាម៉ាស់ ឯកអគ្គរដ្ឋទូត Nofal បានឲ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីននៅតែចាត់ទុកចលនានេះជា "ផ្នែកមួយរបស់ប្រជាជនប៉ាឡេស្ទីន"។
នៅក្នុងការវិវឌ្ឍន៍មួយនាថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានដាក់ពង្រាយកម្លាំងនៅលើគោក សមុទ្រ និងផ្លូវអាកាស ដោយពង្រឹងយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាភាគកណ្តាល។ មុននោះ មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹងថា យុទ្ធនាការយោធានឹងអូសបន្លាយរយៈពេលជាច្រើនខែ ដោយបញ្ជាក់ថា មិនមានគម្រោងកាត់បន្ថយនោះទេ៕