ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អាមេរិក​ព្រមានថា ​អ៊ីស្រាអែល​ចាប់ផ្តើម​បាត់បង់​ការគាំទ្រ​អន្តរជាតិ

(VOVWORLD) - កាលពីថ្ងៃទី ១២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា អ៊ីស្រាអែលចាប់ផ្តើមបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ បន្ទាប់ពីប្រទេសនេះបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា បណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់បានស្លាប់។

លោកប្រធានាធិបតី Biden ក៏ជឿជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចាំបាច់ត្រូវផ្លាស់ប្តូររដ្ឋាភិបាលអ៊ីស្រាអែលដែលកំពុងដើរតាមមាគ៌ាតឹងរឹងដូចបច្ចុប្បន្ន។ បើតាមលោក រដ្ឋាភិបាលអ៊ីស្រាអែល "មិនចង់បានដំណោះស្រាយរដ្ឋពីរ" ជាទិសដៅដែលទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យជំរុញបន្ទាប់ពីជម្លោះហាម៉ាស់-អ៊ីស្រាអែលបានផ្ទុះឡើង។

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អាមេរិក​ព្រមានថា ​អ៊ីស្រាអែល​ចាប់ផ្តើម​បាត់បង់​ការគាំទ្រ​អន្តរជាតិ - ảnh 1គំនរបែកបាក់បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន Maghazi កណ្តាលតំបន់ហ្គាហ្សា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសារភាពកាលពីថ្ងៃទី ១២ ខែធ្នូ ថា ទោះបីជាអាមេរិកគាំទ្រគោលដៅរបស់អ៊ីស្រាអែលក្នុងការកម្ទេចក្រុមហាម៉ាស និងជួយសង្គ្រោះចំណាប់ខ្មាំងក៏ដោយ ក៏ភាគីទាំងពីរមានការខ្វែងគំនិតគ្នាទាក់ទងនឹងការគ្រប់គ្រងតំបន់ហ្គាហ្សា បន្ទាប់ពីការបញ្ចប់ជម្លោះ។

ទន្ទឹមនឹងនោះ នៅរសៀលថ្ងៃលដដែល នៅទីក្រុងញូវយ៉ក ក្នុងសម័យប្រជុំបន្ទាន់លើកទី១០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីវិបត្តិតំបន់ហ្គាហ្សា មហាសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងភ្លាមមួយរំពិកដោយគ្មានលក្ខខណ្ឌ ។ សេចក្តីសម្រេចចិត្តដែលត្រូបានគាំទ្រដោយអេហ្ស៊ីបតំណាងឲ្យក្រុមប្រទេសអារ៉ាប់ ទទួលបានសំឡេងគាំទ្រចំនួន ១៥៣ សំឡេង និងសំឡេងប្រឆាំងចំនួន ១០ សំឡេង ហើយអនុប្បវាទចំនួន ២៣។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់នៅតំបន់ហ្គាហ្សាកំពុងទទួលរងការខ្វះខាតស្បៀងអាហារ។ ក្នុងពេលជាមួយគ្នានោះ មជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិ (UNOSAT) បានកំណត់ថា ១៨% នៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ហ្គាហ្សារងការបំផ្លិចបំផ្លាញចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងចលនាហាម៉ាស និងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ