ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ការចរចានៅទីក្រុងគែរទទួលវឌ្ឍនភាព ប៉ុន្តែនៅមានបញ្ហាប្រឈម
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែមេសា បានឲ្យដឹងថា ដំណើរការចរចាបទឈប់បាញ់ដែលកំពុងបន្តនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប សម្រេចបាននូវវឌ្ឍនភាពមួយចំនួន។ ក៏ប៉ុន្តែ ការឈានដល់កិច្ចព្រមព្រៀងមួយនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានអះអាងថា វឌ្ឍនភាពនៃការចរចាគឺទាក់ទងនឹងការសម្រេចចិត្តរបស់កងទ័ពអ៊ីស្រាអែល ក្នុងការអនុវត្តផែនការវាយប្រហារតាមផ្លូវគោកលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
កុមារាម្នាក់ និងក្រុមគ្រួសារ ចាកចេញពីទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ រូបថត៖ AFP/Getty |
នាថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានី Damascus ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរី អគារនេះត្រូវបានបំផ្លាញទាំងស្រុងដោយមីស៊ីល ហើយក្នុងចំណោមជនរងគ្រោះ មានទាំងមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។
ភ្លាមមួយរំពិច អាជ្ញាធរអ៊ីរ៉ង់បានប្រកាសថា នឹងឆ្លើយតបយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិ៕