ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ប៉ាឡេស្ទីនស្វាគមន៍ដំណោះស្រាយរបស់អង្គការសហប្រជាជាតិស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas បានស្វាគមន៍ចំពោះការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះដំណោះស្រាយ ដែលគាំទ្រដោយសហរដ្ឋ អាមេរិក ដល់ការបង្កើតផែនការបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ស្តីពីដំណោះស្រាយដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN) |
យោងតាមសេចក្តីប្រកាសមួយនៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះ ពីខុទ្ទកាល័យប្រធានាធិបតីប៉ាឡេស្ទីន លោក Abbas បានចាត់ទុកដំណោះស្រាយនេះជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ដើម្បីបញ្ចប់ជម្លោះដែលបង្កគ្រោះថ្នាក់ដល់ប្រជាជននៅតំបន់ដីនេះ។
ទាក់ទិននឹងវិបត្តិមនុស្សធម៌នៅហ្គាហ្សា ថ្ងៃនេះ អេហ្ស៊ីប និងអង្គការសហប្រជាជាតិ បានសហការរៀបចំកិច្ចប្រជុំកំពូលស្តីពីជំនួយសង្គ្រោះបន្ទាន់មួយសម្រាប់តំបន់ដីនេះ នៅរដ្ឋធានីអាម៉ាន់ របស់ប្រទេសហ្ស៊កដានី។ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry រដ្ឋមន្ត្រីការបរទេសហ្សកដានី Ayman Safadi និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលបញ្ហាមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ Martin Griffiths បានចូលរួមកិច្ចប្រជុំនេះ។ ក្រោមប្រធានបទ “អំពាវនាវឱ្យធ្វើសកម្មភាព៖ ការឆ្លើយតបផ្នែកមនុស្សធម៌ជាបន្ទាន់សម្រាប់តំបន់ហ្គាហ្សា” កិច្ចប្រជុំបានពិភាក្សាអំពីវិធីពង្រឹងការឆ្លើយតបរបស់សហគមន៍អន្តរជាតិ ចំពោះវិបត្តិមនុស្សធម៌នៅហ្គាហ្សា និងតម្រូវការផ្នែកភស្តុភារ ការគាំទ្រផ្នែកប្រតិបត្តិការ និងជំនួយចាំបាច់ ហើយបានស្វែងរកការប្តេជ្ញាចិត្តចំពោះការឆ្លើយតបរួមដើម្បីដោះស្រាយស្ថានភាព មនុស្សធម៌នៅតំបន់ហ្គាហ្សា៕