ជ័យជំនះលើហ្វាស៊ីស គឺជាសមិទ្ធិផលរួមរបស់ប្រជាជាតិជឿនលឿន
(VOVWORLD) - ជ័យជំនះលើហ្វាស៊ីស កាលពី ៧៥ ឆ្នាំមុនគឺជាជ័យជំនះរួមរបស់មនុស្សជាតិជឿនលឿនទាំងអស់។យោងតាមមេរៀនសង្គ្រាមនេះ ប្រទេសនីមួយៗចាំបាច់ត្រូវទទួលខុសត្រូវក្នុងការពង្រឹងច្បាប់អន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ លុបបំបាត់បទបញ្ជាផ្តាច់ការ ហើយកសាងប្រព័ន្ធសន្តិសុខរួមគឺជាកិច្ចការពារសន្តិភាព។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម Konstantin Vasilevych Vnukov (រូបថត៖ vietnamplus.vn) |
នាថ្ងៃទី ៩ ឧសភា ពិភពលោកបានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះលើហ្វាស៊ីស។ ពេលវេលាជាប្រវត្តិសាស្ត្រនៅម៉ោង ០ និង ៤៣ នាទី នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ (ម៉ោងនៅទីក្រុងម៉ូស្គូ) នៅ ពេលដែល តំណាងណាស៊ីអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុះចាញ់ដោយគ្មានលក្ខខ័ណ្ឌជាមួយសហភាពសូវៀត និងបណ្តាប្រទេសសម្ព័ន្ធមិត្ត បានចារឹកក្នុងប្រវត្តិ សាស្ត្រមនុស្សជាតិជានិច្ច ហើយក្លាយទៅជាទិវាជ័យជំនះរួមរបស់ ប្រជាជាតិដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក ដែលជាទិវាវាយផ្ដួលរលំលទ្ធិហ្វាស៊ីស និងបិទបញ្ចប់សង្គ្រាមលោកលើកទី ២ ។
អបអរសាទរព្រឹត្តិការណ៍នេះ នាថ្ងៃទី ៩ ខែឧសភា សកម្មភាពរំលឹកខួបបានធ្វើឡើងនៅទូទាំងរុស្ស៊ីក្នុងទ្រង់ទ្រាយជាច្រើន។ ប្រធានាធិបតីលោក Vladimir Putin បានដាក់កម្រងផ្កានៅវិមានយុទ្ធជនពលីនៅទីលានក្រហម។ នៅទីនេះ លោកបានថ្លែងសុន្ទរកថាអបអរសាទរដល់ប្រជាជនទាំងមូល។មេដឹកនាំរុស្ស៊ីបានអះអាងថា រុស្ស៊ីជានិច្ចកាលចងចាំអនុស្សាវរីយ៍អំពីរាល់ការចូលរួមចំណែករបស់កងទ័ពនៃបណ្ដាប្រទេសសម្ព័ន្ធមិត្ត ក្នុងជ័យជំនះនេះ។
យោងតាមឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមលោក Konstantin Vasilevych Vnukov បានឲ្យដឹងថា ជ័យជំនះលើហ្វាស៊ីស កាលពី ៧៥ ឆ្នាំមុនគឺជាជ័យជំនះរួមរបស់មនុស្សជាតិជឿនលឿនទាំងអស់។យោងតាមមេរៀនសង្គ្រាមនេះ ប្រទេសនីមួយៗចាំបាច់ត្រូវទទួលខុសត្រូវក្នុងការពង្រឹងច្បាប់អន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ លុបបំបាត់សណ្តាប់ធ្នាប់ផ្តាច់ការ ហើយកសាងប្រព័ន្ធសន្តិសុខរួមគឺជាកិច្ចការពារសន្តិភាព។
ក្នុងពេលនោះ នាថ្ងៃទី ៨ ខែឧសភា ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានដាក់កម្រងផ្កានៅមណ្ឌលគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបហ្វាស៊ីស អាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង។ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានចាត់ទុកថា ពិភពលោកចាំបាច់ត្រូវដកបទពិសោធន៍ពីអតីតកាល ហើយសហប្រតិបត្តិការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនាបច្ចុប្បន្ននេះផងដែរ៕