ជំរុញកិច្ចសហប្រតិបត្តិការកសិកម្មរវាងវៀតណាម និង EU
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានស្នើឲ្យ EU បង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ ជួយឧបត្ថម្ភវៀតណាមកសាងគោលនយោបាយ និងគំរូអភិវឌ្ឍន៍កសិកម្មតាមទិសដៅបៃតង ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជួយបង្កើនសមត្ថភាពជូនវៀតណាម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA) |
កាលពីថ្ងៃទី ១ ឧសភា លោកឯកអគ្គរដ្ឋទូត Nguyen Van Thao ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) បានអញ្ជើញជួបធ្វើការជាមួយលោក Janusz Wojciechowski ឧត្តមស្នងការទទួលបន្ទុកកសិកម្មរបស់ EU ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងវៀតណាម និង EU។ នាពេលខាងមុខ។
ក្នុងជំនួបធ្វើការនេះ លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ហើយជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងវៀតណាម និង EU ជាពិសេសក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលកាន់តែធំធេង អំពីសន្តិសុខស្បៀងអាហារពីមួយថ្ងៃទៅមួយថ្ងៃ។
លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានស្នើឲ្យ EU បង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ ជួយឧបត្ថម្ភវៀតណាមកសាងគោលនយោបាយ និងគំរូអភិវឌ្ឍន៍កសិកម្មតាមទិសដៅបៃតង ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជួយបង្កើនសមត្ថភាពជូនវៀតណាម។
ជាការឆ្លើយតបឧត្តមស្នងការ EU ទទួលបន្ទុកកសិកម្មលោក Wojciechowski បានវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមក៏ដូចជាទំនាក់ទំនងវៀតណាម-EU។ លោកបានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញពាណិជ្ជកម្មកសិផលឱ្យកាន់តែខ្លាំងក្លាថែមទៀត។ EU ក៏ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម កាត់បន្ថយការបំភាយឧស្ម័ន ការពារបរិស្ថាន និងសម្រេចបាន គោលដៅដែលបានដាក់ចេញ ព្រោះថាទាំងនេះជាបញ្ហាដែលត្រូវការកិច្ចសហប្រតិបត្តិការនៅកម្រិតពិភពលោកផងដែរ៕