ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ី
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah (រូបថត៖ hanoimoi.com.vn) |
នៅក្នុងកិច្ចពិភាក្សាការងារ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមីនា; ទិសដៅពង្រឹងការសម្របសម្រួលគ្នារវាងក្រសួងការបរទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ី រួមជាមួយនឹងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលគ្នាជាមួយស្ថាប័នពាក់ព័ន្ធនៃប្រទេសនីមួយៗ ដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុនៃសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស រវាងប្រទេសទាំងពីរនាខែវិច្ឆិកា ឆ្នាំ២០២១ ក៏ដូចជាកម្មវិធីសកម្មភាពដំណាក់កាល ២០២១ - ២០២៥ និងអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ី។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាលើទិសដៅដ៏សំខាន់ៗ ដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ខាងមុខ។
ស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ តំបន់ និងវេទិកានានាដូចជាអង្គការសហប្រជាជាតិ APEC និងអាស៊ាន ព្រមទាំងពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ផងដែរ៕