ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសហរដ្ឋអាមេរិក

(VOVWORLD) - លោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខបានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចនៅអាមេរិក សំដៅពង្រឹងថែមទៀតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង ព្រមទាំងជំរុញ ទំនាក់ទំនងសហប្រតិបត្តិការរវាង ស្ថាប័ននានារបស់រដ្ឋសភានៃប្រទេសទាំងពីរ។
ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសហរដ្ឋអាមេរិក - ảnh 1គណៈប្រតិភូវៀតណាមបានធ្វើការជាមួយគណៈកម្មាធិការកិច្ចការយោធានៃសភាជាន់ទាបអាមេរិក (រូបថត៖ Khac Hieu/VNA អ្នកយកព័ត៌មានប្រចាំនៅអាមេរិក)

ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាវៀតណាមដឹកនាំដោយលោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការកិច្ចការយោធានៃសភាជាន់ទាបអាមេរិកក្រោមសហប្រធានរបស់ប្រធានគណៈកម្មាធិការលោក Adam Smith និងសមាជិកជាន់ខ្ពស់លោក Mike Rogers; អញ្ជើញជួបធ្វើការជាមួយសមាជិកសភាជាន់ទាប លោក Joaquin Castro - សហប្រធានក្រុមសមាជិកសភាអាមេរិកជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN Caucus); អញ្ជើញជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក John Tien; អញ្ជើញជួបធ្វើការជាមួយឧបការីរដ្ឋមន្ត្រីការបរទេសលោកស្រី Jessica Lewis និងជំនួយការរដ្ឋមន្ត្រីការពារជាតិលោក Ely Ratner ព្រមទាំងមន្ត្រីផ្សេងទៀត។

ក្នុងជំនួបទាំងនេះ លោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខបានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចនៅអាមេរិក សំដៅពង្រឹងថែមទៀតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង ព្រមទាំងជំរុញ ទំនាក់ទំនងសហប្រតិបត្តិការរវាង ស្ថាប័ននានារបស់រដ្ឋសភានៃប្រទេសទាំងពីរ។ លោកបានអះអាងថាវៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ។

នៅក្នុងជំនួបជាមួយ លោក Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកការជួយឧបត្ថម្ភដល់ការអនុវត្តសកម្មភាពថែរក្សាសន្តិភាពនៃអង្គការ
សហប្រជាជាតិនោះ លោកឧត្តមសេនីយត្រី Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខបានស្នើឲ្យអង្គការសហប្រជាជាតិ និងលោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បន្តជួយឧបត្ថម្ភ ដើម្បីវៀតណាមអាច រួមចំណែកបន្ថែមទៀតដល់គោលដៅដ៏ថ្លៃថ្លារបស់អង្គការសហប្រជាជាតិ គឺដោះស្រាយជម្លោះ រក្សាសន្តិភាព និងស្ថិរភាពដល់ប្រជាជនគ្រប់រូបនៅលើពិភពលោក។ លោក Atul Khare បានអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលជាក់ស្ដែង គោលនយោបាយ ហើយស្នើឲ្យវៀតណាមចែករំលែកបទពិសោធន៍បណ្តុះបណ្តាលកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយបណ្ដាប្រទេស ជាពិសេសគឺបណ្ដាប្រទេសក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ