ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាកម្ពុជា
(VOVWORLD) - នាថ្ងៃទី ២៥ ខែធ្នូ សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋសភាវៀតណាម និងសភាកម្ពុជាបានប្រព្រឹត្តទៅនៅទីក្រុង ដាណាំង។
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ quochoi.vn) |
នៅក្នុងសិក្ខាសាលា បណ្ដាតំណាងបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាមួយចំនួនដូចជា៖ តួនាទីរបស់រដ្ឋសភាក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; កិច្ចសហប្រតិបត្តិការរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍវប្បធម៌និងទេសចរណ៍; តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ; កិច្ចសហប្រតិបត្តិការទន្លេមេគង្គ ការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាដើម។
អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai ប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពវៀតណាម-កម្ពុជា បានអះអាងថា ការទទួលរៀបចំសិក្ខាសាលាជួបប្រាស្រ័យរវាងក្រុមសមាជិករដ្ឋសភាមិត្តភាពបានបង្ហាញពីតួនាទីដ៏សកម្ម ក៏ដូចជាស្មារតីទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុងការជំរុញយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ។
ចំណែកភាគីកម្ពុជាវិញ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពកម្ពុជា-វៀតណាម បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរកម្ពុជា - វៀតណាមកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងក្លានិងជិតស្និទ្ធ ដែលត្រូវបានបង្ហាញតាមរយៈការដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជាន់ថ្នាក់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មាធិការជំនាញ កម្មាភិបាលជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាតំបន់និងអន្តរជាតិ។ នាពេលខាងមុខ ភាគីទាំងពីរគួរតែបន្តបំពេញការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព ហើយចាប់ផ្តើមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យច្បាប់ និងការស្រាវជ្រាវ៕