ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-សហភាពអឺរ៉ុបលើវិស័យកសិផល
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ កក្កដា នៅទីក្រុងហាណូយ សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយគណៈកម្មការអឺរ៉ុប ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម បើកវេទិកាធុរកិច្ចកសិកម្មរវាងវៀតណាមនិង សហភាពអឺរ៉ុប (EU) ដោយគោលបំណង តភ្ជាប់អង្គភាពអាជីវកម្មរវាងភាគីទាំងពីរ។
លោក Pham Tan Cong ប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) នៅវេទិកា (រូបថត៖ Ngoc Quynh/BNEWS-VNA) |
នៅក្នុងវេទិកានេះ តំណាងនានាបានស្តាប់ព័ត៌មានអំពីប្រធានបទដូចជា៖ ស្ថានភាពទីផ្សារសហភាពអឺរ៉ុប និងឱកាសពាណិជ្ជកម្មលើផលិតផលកសិកម្ម; ការចូលទៅកាន់ទីផ្សារវៀតណាមសម្រាប់ផលិតផលកសិកម្ម៖ ក្របខ័ណ្ឌច្បាប់ និងជំហានអភិវឌ្ឍន៍… ជាដើម។ សហភាពអឺរ៉ុប (EU) គឺជាទីផ្សារនាំចេញធំបំផុតទីបីនៃវិស័យផលិតផលកសិកម្មរបស់វៀតណាម ជាមួយនឹងល្បឿនកំណើនពាណិជ្ជកម្មរវាងភាគីទាំងពីរបានកើនឡើងយ៉ាងឆាប់រហ័សពី ៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ បានកើនឡើងជាង ៦ ពាន់លានដុល្លារ។ ប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) លោក Pham Tan Cong បានសង្កត់ធ្ងន់ថា៖ “វៀតណាមសង្ឃឹមថា សហភាពអឺរ៉ុបនឹងបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងជួយ វៀតណាមក្នុងការរៀបចំគោលនយោបាយដែលអនុវត្តន៍តាមគំរូអភិវឌ្ឍន៍កសិកម្មបៃតង ទំនើប និងនិរន្តរភាព។ ពោលគឺជួយវៀតណាមបង្កើនសមត្ថភាព រួមទាំងការគាំទ្រសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ជំនួយបច្ចេកទេសក្នុងការផ្ទេរបច្ចេកវិទ្យា និងជួយវៀត ណាមអភិវឌ្ឍន៍ស្តង់ដារបច្ចេកទេសកសិកម្មដែលជិតនឹងស្តង់ដារអន្តរជាតិ។ ជាពិសេសជួយឧបត្ថម្ភវៀត ណាមក្នុងការសម្របខ្លួន និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសម្រាប់សកម្មភាពកសិកម្ម”។
រីឯខ្លួនវិញ ឧត្តមស្នងការទទួលបន្ទុកកសិកម្មនៃសហភាពអឺរ៉ុប លោក Janusz Wojciechowski បានឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូសំខាន់របស់សហភាពអឺរ៉ុបនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ចូលជាធរមានក្នុងឆ្នាំ ២០២០។ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក នឹងរួមចំណែកក្នុងការទាញយកឱកាសពាណិជ្ជកម្មថ្មីនិងការណែនាំគុណភាពនិងនិរន្តរភាពនៃផ្នែកកសិកម្មផលិតផលកសិផលស្បៀងអាហាររបស់សហភាពអឺរ៉ុបឆ្ពោះទៅរកតម្រូវការកាន់តែ កើនឡើងរបស់អ្នកប្រើប្រាស់វៀតណាម៕