ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-បែលហ្សិកតាមទិសដៅជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពជាង
(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តីបែលហ្ស៊ិក Alexander De Croo ។
លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តីបែលហ្ស៊ិក Alexander De Croo |
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងបែលហ្ស៊ិកក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងទៅ មានការអភិវឌ្ឍយ៉ាងសកម្ម សម្បូរបែប និងជាក់ស្ដែងជាមួយនឹងក្របខ័ណ្ឌសហប្រតិបត្តិការ បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក និងពង្រីកប្រៀបខ្លាំងរបស់ភាគីទាំងពីរ ក្នុងនោះមានការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីកសិកម្មនៅឆ្នាំ ២០១៨។
ដោយបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកជាវិជ្ជមាននាបច្ចុប្បន្ននេះ របស់បែលហ្ស៊ិកចំពោះមូលនិធិ Covax ក្នុងការជួយឧបត្ថម្ភដល់បណ្ដាប្រទេសប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរដ្ឋាភិបាលបែលហ្ស៊ិកយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលជួយវៀតណាមទទួលបានប្រភពវ៉ាក់សាំងឲ្យបានច្រើនបំផុត និងឆាប់រហ័សបំផុតព្រមទាំងសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង ជួយឧបត្ថម្ភសំភារៈបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺ ដើម្បីវៀតណាមអាចគ្រប់គ្រងបានជំងឺរាតត្បាត ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅតាមខេត្ត ក្រុងនានាឲ្យបានឆាប់ៗ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាខិតខំប្រឹងប្រែងបង្កើនការវិនិយោគ និងទំហំពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកការស្ដារឡើងវិញប្រកបដោយចីរភាពក្រោយពីជំងឺរាតត្បាត សំដៅនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកម្ពស់ថ្មីមួយ តាមទិសជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពជាង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh |
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតនោះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ; អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) ; ឆ្ពោះទៅសម្រេចឲ្យបាន ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពផងដែរ៕