ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្ត Gunma (ជប៉ុន) និងខេត្តក្រុងនានារបស់វៀតណាម
(VOVWORLD) - លោកប្រធានរដ្ឋ មានបំណងថា ខេត្ត Gunma បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; យកចិត្តទុកដាក់ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការនៅមូលដ្ឋាន។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបអភិបាល ខេត្ត Gunma ប្រទេសជប៉ុន លោក Yamamoto Ichita។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ នៅពេលទទួលជួបជាមួយអភិបាល ខេត្ត Gunma ប្រទេសជប៉ុន លោក Yamamoto Ichita ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខ លោកអភិបាលខេត្តនឹងលើកទឹកចិត្តអាជីវកម្មរបស់ខេត្តវិនិយោគ ជាច្រើនថែមទៀត ចូលមកវៀតណាម។ លោកប្រធានរដ្ឋ មានបំណងថា ខេត្ត Gunma បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; យកចិត្តទុកដាក់ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការនៅមូលដ្ឋាន។ លោកប្រធានរដ្ឋបានស្វាគមន៍លោក Yamamoto Ichita ទៅទស្សនាទីក្រុង Da Nang និងទីក្រុង Hoi An ដែលបើកចេញឱកាសជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការជាមួយខេត្តភាគកណ្តាលវៀតណាម។ កិច្ចសហប្រតិបត្តិ ការរវាងវៀតណាម និងខេត្ត Gunma ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការ វិនិយោគ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន... បន្តអភិវឌ្ឍន៍ប្រកបដោយ ភាពវិជ្ជមាន។ សហគមន៍ជនវៀតណាមនៅខេត្ត Gunma មានចំនួនជិត១ម៉ឺននាក់ ដែលក្លាយជាសហគមន៍ជនបរទេសធំទីពីរនៅទីនេះ។
អភិបាលខេត្ត Gunma លោក Yamamoto Ichita បានឲ្យដឹងថា លោកនឹងខិតខំ ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំទំនាក់ទំនងល្អរវាងវៀតណាម និងជប៉ុន ជា ពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្ត Gunma និងតំបន់នានានៃ ប្រទេសវៀតណាម។ នាពេលខាងមុខ នឹងមានគណៈប្រតិភូធុរកិច្ចពីខេត្ត Gunma មកទស្សនា និងបណ្តាក់ទុននៅវៀតណាមក្នុងវិស័យឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាផលិតកម្ម៕