ជំរុញគោលដៅនៃពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានសន្យាធ្វើការឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាននៅទីក្រុង Hiroshima ប្រទេសជប៉ុន។ រូបថត៖ ក្យូដូ/VNA |
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ការអនុវត្តប្រធានបទនៃកិច្ចប្រជុំកំពូល G7 ស្ដីពីពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរគឺមានលក្ខណៈវិជ្ជមាន។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយប្រមុខអង្គការសហប្រជាជាតិនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូកាលពីថ្ងៃទី ២០ ឧសភា នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសរសើរសាក្សីនៅរស់នៃការទម្លាក់គ្រាប់បែកបរមាណូនៅជប៉ុនក្នុងឆ្នាំ ១៩៤៥ ដោយសង្កត់ធ្ងន់ថាជនរងគ្រោះទាំងនេះគួរតែត្រូវបានគេមើលឃើញថាជាហេតុផលជាមូលដ្ឋានដើម្បីពិចារណារំសាយអាវុធនុយក្លេអ៊ែរជាអាទិភាព។
នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានសន្យាធ្វើការឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។ នៅក្នុងសៀវភៅអនុស្សាវរីយ៍នៃសារមន្ទីរអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដែលរក្សាទុកនូវផលវិបាកនៃការវាយប្រហារដោយគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកមកលើទីក្រុងនេះក្នុងឆ្នាំ ១៩៤៥ លោក Biden បានសរសេរថា សង្ឃឹមថារឿងរ៉ាវដែលសារមន្ទីររក្សាទុកនឹងរំលឹកយើងទាំងអស់គ្នាអំពីកាតព្វកិច្ចរបស់យើងក្នុងការកសាងអនាគតប្រកបដោយសន្តិភាព... សូមរួមគ្នាបន្តធ្វើឲ្យមានការរីកចម្រើនឆ្ពោះទៅកាន់ថ្ងៃដែលយើងអាចរួចផុតពីពិភពនៃអាវុធនុយក្លេអ៊ែរជារៀងរហូត។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជាក់ថា "ការសម្រេចបានពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរ" គឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំ G7៕