ជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ហូឡង់
(VOVWORLD) - នារសៀលថ្ងៃទី៦ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទដោយពិភាក្សាអំពីវិធានការជំរុញថែមទៀតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ហូឡង់នាពេលខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យជាមួយហូឡង់ក្នុងវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ សន្តិសុខ-ការពារ វប្បធម៌ អប់រំ កសិកម្ម និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ឲ្យហូឡង់ជួយឧបត្ថម្ភវៀតណាមក្នុងការតភ្ជាប់កំពង់ផែនិងតំបន់ឧស្សាហកម្មជាមួយអឺរ៉ុប ជួយបង្កើនទិន្នផលនាំចេញរបស់វៀត ណាមទៅកាន់ទីផ្សារទាំងនេះ។ ទន្ទឹមនឹងនោះ ជំរុញឱ្យសភាហូឡង់ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់ ដើម្បីជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរកាន់តែលឿន កាន់តែរឹងមាំ និងប្រកបដោយនិរន្តរភាពថែមទៀត។
នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពរក្សានូវយន្តការផ្លាស់ប្តូរជាប្រចាំ ក៏ដូចជាទិសដៅកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែសមុទ្រ ការអប់រំ ទេសចរណ៍ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក កសិកម្មនិរន្តរភាព និងសន្តិសុខស្បៀង។
នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង ហូឡង់នៅវេទិកាពហុភាគីនិងតំបន់ រួមទាំងអំពីបញ្ហាសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ការដោះស្រាយជម្លោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕