ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលី
(VOVWORLD) - នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Penny Wong មកកាន់ប្រទេសវៀតណាម ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង វៀតណាមនិងអូស្ត្រាលី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong (រូបថត៖ Duong Giang/TTXVN) |
នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោកPham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ក្នុងឱកាស លោកស្រីមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Penny Wong មកកាន់ប្រទេសវៀតណាម ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលី។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការគាំទ្រនិងជំនួយឧបត្ថម្ភ អំពីវ៉ាក់សាំងបង្ការកូវីដ ១៩ ព្រមទាំងឧបករណ៍និងសម្ភារៈពេទ្យជាច្រើនដល់វៀតណាម ជាពិសេសវ៉ាក់សាំងសម្រាប់កុមារចំនួន ១៤,៤ លានដូស ដែលជួយវៀតណាមពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong (រូបថត៖ Duong Giang/TTXVN) |
ចំណែកឯរដ្ឋមន្ត្រី លោកស្រី Penny Wong បានអះអាងថា អូស្ត្រាលីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងឋានៈរបស់វៀតណាមនៅក្នុងតំបន់។ លោកស្រីរដ្ឋមន្ត្រី Penny Wong ក៏បានអះអាងថា លោកស្រីនឹងសម្របសម្រួលជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ឆ្ពោះទៅរកកម្ពស់ថ្មី ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ។
មុននោះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានជួបសន្ទនាជាមួយសមភាគីអូស្ត្រាលី។ នៅក្នុងជំនួបពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដែលមានសក្ដានុពលខ្លាំងដូចជាការប្រែប្រួលអាកាសធាតុ កំណើនបៃតង និងនិរន្តរភាពជាដើម។ អញ្ជើញពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានអះអាងពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោយគោរពតាមច្បាប់អន្តរជាតិ៕