ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ីឲ្យកាន់តែមានប្រសិទ្ធភាព
(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសសហព័ន្ធរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅរុស្ស៊ីចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែកញ្ញា។
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសវនាការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នារសៀលថ្ងៃទី២៨ កញ្ញា លោករដ្ឋមន្រ្តី Bui Thanh Son បានជួបសវនាការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តស្វែងរកទិសដៅសហ ប្រតិបត្តិការថ្មីដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀត ណាម-រុស្ស៊ីឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត។ ភាគីទាំងពីរឯកភាព ពង្រីកយន្តការសហប្រតិបត្តិការនៃគណៈកម្មការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស ដើម្បីជំរុញគម្រោងការណ៍សំខាន់ៗ លើក ទឹកចិត្តហើយជួយសម្រួលដល់សាជីវកម្មវៀតណាម-រុស្ស៊ីក៏ដូចជាអាជីវកម្មនៃប្រទេស ទាំងពីរវិនិយោគចូលមកប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរយល់ព្រមគ្នាថា ចាំបាច់ត្រូវ ចាត់វិធានការដើម្បីធ្វើអាជីវកម្មបានយ៉ាងអតិបរមានូវប្រៀបខ្លាំងទាំងអស់ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនាំមកជូន ជួយ សម្រួលដល់ការនាំចេញមុខទំនិញដែលភាគីទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាចូលទៅទីផ្សារនៃប្រទេសរៀងៗខ្លួន ឆ្ពោះទៅរកជញ្ជីងពាណិជ្ជកម្មប្រកបដោយតុល្យភាព។
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី
លោក Sergei Lavrov។ (រូបថត៖ baoquocte.vn) |
នៅថ្ងៃដដែល ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានស្នើឲ្យរុស្ស៊ី បន្តជួយឧបត្ថម្ភ ផ្ដល់អាទិភាពដល់ការផ្គត់ផ្គង់និងផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង ថ្នាំព្យាបាលជម្ងឺកូវីដ-១៩របស់រុស្ស៊ីជូនវៀតណាមតាមផែនការ ហើយពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមលើវិស័យវេជ្ជសាស្ត្រ វិទ្យា សាស្ត្រអវកាស ការ គ្រប់គ្រងធនធាន ការជំរុញកិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យគ្នារវាងខេត្ត ក្រុងនៃ ប្រទេសទាំងពីរ ជាដើម។
រីឯខ្លួនវិញ លោករដ្ឋមន្រ្តី Sergei Lavrov បានសង្កត់ធ្ងន់ថា វៀតណាមជាទីផ្សារ ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។ លោកក៏បានគាំទ្រចំពោះសំណើរនានារបស់វៀតណាម ហើយស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការ ការជួបប្រាស្រ័យផ្នែកវប្បធម៌និងរវាងប្រជាជន ជាមួយប្រជាជន ក្នុងនោះមានប្រតិបត្តិការនៃវិទ្យាស្ថាន Pushkin នៅវៀតណាម។
នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះដែរ លោករដ្ឋមន្រ្តី Bui Thanh Son ក៏ បានជួបធ្វើការជាមួយមូលនិធិវិនិយោគដោយផ្ទាល់រុស្ស៊ីអំពីការផ្ទេរប្រគល់ផលិតផល ជីវសាស្ត្រសម្រាប់ផលិតវ៉ាក់សាំង Sputnik V នៅវៀតណាម៕