ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី
(VOVWORLD) -នាព្រឹកថ្ងៃទី ២២ ខែមិនា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានជួបចរចាជាមួយឧបនាយករដ្ឋមន្ត្រី សិង្ហបុរី លោក Teo Chee Hean ដែលកំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានឲ្យដឹងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបុរីបានបន្តមានការអភិវឌ្ឍជាវិជ្ជមាន និងជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជានិច្ចកាលជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងវៀតណាម និង សឹង្ហបុរី។ នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៧,៦៦ ពាន់លានដុល្លារអាមេរិក នាំសឹង្ហបុរីក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមក្នុងប្លុកអាស៊ាន ហើយជាវិនិយោគិនបរទេសធំទី ៣ នៅវៀតណាម។ លោក Truong Hoa Binh បានអះអាងនូវគោលនយោបាយដោយឥតងាករេរបស់វៀតណាម គឺ គោរពការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ សឹង្ហបុរី ហើយចាត់ទុកនេះជាដៃគូសំខាន់ជួរមុខមួយក្នុងប្លុកអាស៊ាន និងតំបន់។ ហេតុដូច្នេះហើយ លោក Truong Hoa Binh បានស្នើឲ្យភាគីទាំងពីររក្សារាល់សកម្មភាពផ្លាស់ប្ដូរគណប្រតិភូ និងជួបប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ និងលើគ្រប់វិស័យជាប្រចាំ។
ចំណែកឯ ឧបនាយករដ្ឋមន្ត្រី សិង្ហបុរី លោក Teo Chee Hean បានឲ្យដឹងថាគោលដៅនៃដំណើរទស្សនកិច្ចលើកនេះ គឺជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនងរវាងសិង្ហបុរីនិងវៀតណាម។ លោក Teo Chee Hean បានចាត់ទុកថាភាគីទាំងពីរសុទ្ធតែមានជំនឿជាក់លើការអភិវឌ្ឍសហគមន៍អាស៊ានដ៏ខ្លាំងមាំមួន ហើយមានគោលបំណងចង់បើកទូលាយទំនាក់ទំនងជាមួយបណ្ដាដៃគូនៅខាងក្រៅអាស៊ាន៕