ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង EU
(VOVWORLD) - នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) តាមទិសដៅកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។ (រូបថត៖ VOV) |
បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 បើកទូលាយ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) នារសៀលថ្ងៃទី ២០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) តាមទិសដៅកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់; រក្សានិងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការនិងសន្ទនាក្រោមកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រធានក្រុមប្រឹក្សាអឺរ៉ុបជំរុញឱ្យសភានៃប្រទេសជាសមាជិកអនុម័តក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងការពារការវិនិយោគ EVIPA ហើយឡើងសំឡេងដើម្បីឱ្យសហភាពអឺរ៉ុបដកកាតលឿង IUU លើការនាំចេញជលផលរបស់វៀតណាម ព្រមទាំងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្ដូរគំរូអភិវឌ្ឍន៍របរនេសាទប្រកបដោយភាពទំនើបនិងចីរភាព។
រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម; កត់សម្គាល់ពីវឌ្ឍនភាពដែលវៀតណាមសម្រេចបានក្នុងការដោះស្រាយបញ្ហា "កាតលឿង" លើជលផលវៀតណាម។ លោកប្រធាន Charles Michel ក៏បានអះអាងដែរថា EU គាំទ្រយ៉ាងខ្លាំងក្លាចំពោះវៀតណាមក្នុងការផ្លាស់ប្តូរបៃតង និងការអនុវត្តកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយសមភាព (JETP)។ លោក Charles Michel ក៏បានសម្តែងនូវគោលបំណងថា វៀតណាមនឹងបន្តគាំទ្រ EU ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕