ជាលើកដំបូង វៀតណាមឈរឈ្មោះជាចៅក្រមនៃតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រលើកទី ៣៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ មិថុនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Minh Vu ប្រធានគណៈប្រតិភូវៀតណាមបានធ្វើជាអធិបតីនៃសិក្ខាសាលាអន្តរជាតិ "ការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រក្នុងតំបន់ប៉ាស៊ីហ្វិក៖ តថភាពបច្ចុប្បន្ន បញ្ហាផ្លូវច្បាប់ និងការវាយតម្លៃពីទស្សនៈនៃច្បាប់សមុទ្រ" និងជំនួបប្រចាំឆ្នាំរបស់ក្រុមមិត្តភាពនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។
គណៈប្រតិភូប្រមាណ ១០០នាក់ រួមមានអ្នកជំនាញខាងច្បាប់សមុទ្រមកពីប្រទេសជាង៦០ អ្នកប្រាជ្ញ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនបានចូលរួមសន្និសីទនេះ។
អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Minh Vu ប្រធានគណៈប្រតិភូវៀតណាមបានថ្លែងទៅកាន់សមាជិកនៃក្រុមមិត្តផាព UNCLOS។ រូបថត៖ TTXVN |
នៅក្នុងសិក្ខាសាលា អ្នកជំនាញខាងច្បាប់វៀតណាមបានចែករំលែកការវាយតម្លៃតាមទស្សនៈរបស់វៀតណាម - ជាប្រទេសជាប់មាត់សមុទ្រដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ រួមទាំងហានិភ័យនៃការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ហើយបានស្នើឱ្យបន្តអនុវត្តយ៉ាងពេញលេញនូវបទប្បញ្ញត្តិរបស់ UNCLOS ក្នុងដំណើរការដោះស្រាយបញ្ហាដែលទើបលេចចេញ ក្នុងការគ្រប់គ្រងលំហសមុទ្រ និងមហាសាគរនាពេលបច្ចុប្បន្ន ដូចជាការបំពុលបរិស្ថានសមុទ្រ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ អ្នកជំនាញវៀតណាមក៏បានអំពាវនាវឱ្យមានការគាំទ្រចំពោះការរក្សាខ្សែបន្ទាត់មូលដ្ឋាន ខ្សែព្រំដែននៃតំបន់ដែនសមុទ្រដែលបានបង្កើតឡើងពីខ្សែបន្ទាត់មូលដ្ឋាន និងលទ្ធផលកំណត់ដែនសមុទ្រដែលបានព្រមព្រៀងដោយប្រទេសនានា តាមរយៈការចរចា ឬបង្កើតឡើងស្របតាមសាលក្រមរបស់ស្ថាប័នយុត្តាធិការអន្តរជាតិ ដើម្បីរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់នៅសមុទ្រ។
ក្នុងឱកាសនេះ វៀតណាមបានប្រកាសតែងតាំងសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នាយកវិទ្យាស្ថានសមុទ្រខាងកើត បណ្ឌិតសភាការទូត ឲ្យឈរឈ្មោះជាចៅក្រមនៃតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ (ITLOS) អាណត្តិ ២០២៦-២០៣៥៕