ជាលើកដំបូង វៀតណាមប្រកាសកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

(VOVWORLD) - នាថ្ងៃទី ៨ សីហា នៅទីក្រុង Da Nang វៀតណាមបានប្រកាសជាផ្លូវការនូវកម្មវិធីសកម្មភាពជាតិលើកទី ១ (NAP) ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដោយគូសសញ្ញានូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការសន្យារបស់វៀតណាមចំពោះសមភាពយេនឌ័រ និការងប្រគល់សិទ្ធិដល់ស្ត្រីក្នុងវិស័យសន្តិភាព និងសន្តិសុខ។

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើសសរស្តម្ភទាំងបួននៃរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ រួមមាន៖ ការចូលរួម ការការពារ ការទប់ស្កាត់ និងជួយឧបត្ថម្ភការស្តារឡើងវិញ។ កម្មវិធីនេះបានចែងយ៉ាងច្បាស់អំពីគោលដៅនៃការចូលរួមយ៉ាងពេញលេញ សមភាព និងមានអត្ថន័យរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ ការទូត ការពារជាតិ សន្តិសុខ និងការឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយរួមបញ្ចូលបញ្ហាយេនឌ័រទៅក្នុងមធ្យោបាយឆ្លើយតបទៅនឹងជម្លោះ វិបត្តិ គ្រោះមហន្តរាយ និងបញ្ហាប្រឈមផ្នែកសន្តិសុខដែលទើបលេចចេញ ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខតាមអ៊ីនធឺណិត។ កម្មវិធីនេះក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសង្កត់ធ្ងន់លើការសន្យារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ពិភពលោក ដើម្បីជំរុញរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។

ជាលើកដំបូង វៀតណាមប្រកាសកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ - ảnh 1គណៈប្រតិភូបានចូលរួមពិធីប្រកាសកម្មវិធីសកម្មភាពជាតិលើកទី ១ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ។ រូបថត៖ Nhan Dan

ក្នុងឱកាសនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី (UN Women) ប្រចាំនៅវៀតណាមបានចេញសេចក្តីប្រកាសមួយដោយដកស្រង់សម្តីរបស់លោកស្រី Sima Bahous នាយកប្រតិបត្តិសកលនៃ UN Women ដែលបានស្វាគមន៍ចំពោះការប្រកាស NAP របស់វៀតណាម។ លោកស្រី Sima Bahous បានសង្កត់ធ្ងន់ថា UN Women ត្រៀមខ្លួនជាស្រេចក្នុងការជួយដល់រដ្ឋាភិបាលវៀតណាមពង្រីកទំនាក់ទំនងភាពជាដៃគូ និងប្រើប្រាស់ធនធាន ដើម្បីធានាថាគ្មានស្ត្រី ឬកុមារីណាម្នាក់ត្រូវបានបោះបង់ចោលនៅពីក្រោយឡើយ។

យោងតាម UN Women វៀតណាមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាក់ទងនឹងសមភាពយេនឌ័រ ហើយបានបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ និងកម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីជំរុញសមភាពយេនឌ័រ។ នៅកម្រិតអន្តរជាតិ វៀតណាមតែងតែជាសំឡេងយ៉ាងខ្លាំងក្លា ក្នុងការគាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ