ដាណឺម៉ាកបញ្ជាក់ពីករណីដំបូងដែលឆ្លងជំងឺរាតត្បាត COVID-១៩
(VOVWORLD) - នាថ្ងៃទី ២៧ខែ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីសុខាភិបាលដាណឺម៉ាកបានឲ្យដឹងថា ប្រទេសនេះបានបញ្ជាក់ពីករណីដំបូងនៃការឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី COVID-១៩។
ករណីឆ្លងវីរុស SARS-CoV-2 ដំបូងនេះ ត្រូវបានរកឃើញបន្ទាប់ពីវិលត្រឡប់មកពីវិស្សមកាលនៅភាគខាងជើងនៃប្រទេសអ៊ីតាលី។ នាបច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានដាក់នៅដាច់ដោយឡែកនៅផ្ទះតែម្តង។
នៅប្រទេសកាណាដា នាយករងស្ថាប័នសុខាភិបាលសាធារណៈ លោក Howard Njoo បានឲ្យដឹងថាទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស SARS-CoV-2 ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកាណាដាក៏កំពុងរៀបចំផែនការ B ដើម្បីទប់ទល់នឹងបញ្ហានេះ ក្នុងករណីដែលរាល់វិធានការទប់ស្កាត់ទាំងនេះត្រូវបរាជ័យផងដែរ។ ថ្លែងមតិនៅឯសភាជាន់ទាបកាណាដាកាលពី ថ្ងៃទី ២៦ ខែកុម្ភៈ លោក Howard Njoo បានអះអាងថា ប្រទេសកាណាដាមានសមត្ថភាពក្នុងការទប់ទល់នឹងជំងឺរាតត្បាត COVID-១៩។ រហូតដល់ពេលនេះ កាណាដាគ្រាន់តែរកឃើញអ្នកឆ្លងវីរុស SARS-CoV-2 ចំនួន ១២ នាក់តែប៉ុណ្ណោះ៕