"ដំណើរយុវវ័យដើម្បីកោះសមុទ្រមាតុភូមិឆ្នាំ២០២៣" ទៅកាន់ Truong Sa
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ឧសភា នៅកំពង់ផែ Cam Ranh សម្ព័ន្ធយុវជនខេត្ត Khanh Hoa បានសម្របសម្រួលជាមួយអង្គភាពនានារៀបចំពិធីជូនដំណើរគណៈប្រតិភូ “ដំណើរយុវវ័យដើម្បីកោះសមុទ្រ មាតុភូមិ” ទៅបំពេញទស្សនកិច្ចនៅប្រជុំកោះ Truong Sa និងផ្ទះរន្ទា DK ១ ឆ្នាំ២០២៣។
នាវា KN390 ដឹកប្រតិភូ "ដំណើរយុវវ័យដើម្បីកោះសមុទ្រមាតុភូមិ" ឆ្នាំ ២០២៣ ក្នុងទៅកាន់ប្រជុំកោះ Truong Sa។ (រូបថត៖ VNA) |
ដំណើរ “យុវវ័យដើម្បីកោះសមុទ្រមាតុភូមិ” ឆ្នាំ២០២៣ មានការចូលរួមពីបុគ្គលឆ្នើមៗក្នុងការងាររបស់សម្ព័ន្ធយុវជន សមាគម និងចលនាយុវជននៅតាមមូលដ្ឋាន និងអង្គភាពនានា; សហគ្រិនវ័យក្មេងជោគជ័យ ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើម្បីសហគមន៍; សិល្បករ គ្រូពេទ្យវ័យក្មេង កម្មាភិបាលនិង អ្នកសារព័ត៌មាន ជាដើម។
ក្នុងរយៈពេល ៧ ថ្ងៃ ក្រុមការងារនឹងទៅកាន់កោះនានាក្នុងប្រជុំកោះ Truong Sa ផ្ទះរន្ទា DK១ ទៅសួរសុខទុក្ខ ជូនអំណោយ និងជួបប្រាស្រ័យវប្បធម៌ សិល្បៈជាមួយកម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ច ឬរស់នៅលើកោះ។ តាមនោះ បង្ហាញនូវស្មារតីរបស់យុវវ័យលើទូទាំងប្រទេសដែលមានបំណងចង់រួមកម្លាំងកាយចិត្តជាមួយកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹក និងប្រជាជន ដើម្បីរក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ។
ក្នុងប៉ុន្មានឆ្នាំមកនេះ មជ្ឈិមសម្ព័ន្ធយុវជន បានរៀបចំចលនា និងកម្មវិធីជាច្រើនរបស់សមាជិកសហជីព និងយុវជនទូទាំងប្រទេស ដូចជា៖ “មនោសញ្ចេតនាព្រំដែនកោះសមុទ្រ” “ប្រទេសទាំងមូលដើម្បី Truong Sa; Truong Sa ដើម្បីប្រទេសទាំងមូល” “រួមដៃគ្នាបំភ្លឺផ្ទះរន្ទា DK១” “រួមដំណើរជាមួយអ្នកនេសាទវ័យក្មេងទៅសមុទ្រ”… ជាពិសេស ចំណុចលេចធ្លោគឺដំណើរ “យុវវ័យដើម្បីកោះសមុទ្រមាតុភូមិ” ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដោយមានការីកសាយភាយយ៉ាងខ្លាំងក្លាទៅកាន់សំណាក់យុវជន ហើយទាក់ទាញជនរួមជាតិទូទាំងប្រទេសឱ្យរួមដៃគ្នាការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រ ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់មាតុភូមិ៕