ណាតូខ្វែងគំនិតគ្នាលើកញ្ចប់មូលនិធិ ១០០ ពាន់លានអឺរ៉ូសម្រាប់ឧបត្ថម្ភអ៊ុយក្រែន
(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមេសា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានស្នើឲ្យបង្កើតមូលនិធិចំនួន ១០០ ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភកងទ័ពអ៊ុយក្រែនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លោក Jens Stoltenberg បានប្រឈមមុខនឹងការសង្ស័យ និងមតិចម្រុះ ពីបណ្តាប្រទេសសមាជិកណាតូ។
យោងតាមរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាន្យដឹងថា ប្រទេសនេះមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការរួមវិភាគទាន និងមិនគាំទ្រការបង្កើតមូលនិធិយោធាចំនួន ១០០ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់កងទ័ពអ៊ុយក្រែនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ រដ្ឋមន្ត្រីការបរទេសហុងគ្រីបានឲ្យដឹងថា ការបង្កើតមូលនិធិនេះនឹងបង្កើនថវិកាការពារប្រទេសចំនួន ១០ ពាន់លានអឺរ៉ូ ហើយថាហុងគ្រីមិនអាចប្រើប្រាស់លុយបង់ពន្ធរបស់ប្រជាជនសម្រាប់ការសម្រេចចិត្តដែលអាចបង្កើនហានិភ័យនៃសង្គ្រាមបានទេ។ លោក Peter Szijjarto ក៏បានសង្កត់ធ្ងន់ថា ណាតូគឺជាសម្ព័ន្ធភាពការពារ ហើយនឹងបដិសេធរាល់សំណើរ ដើម្បីប្រែក្លាយអង្គការនេះ ទៅជាសម្ព័ន្ធភាពវាយលុក។
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង លោក Jens Stoltenberg ។ រូបថត៖ Toute L'Europe |
យោងតាមវិទ្យុជាតិអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ក៏បានសម្តែងការសង្ស័យអំពីមូលនិធិ ១០០ពាន់លានអឺរ៉ូ ហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើត "យន្តការរយៈពេលវែងដែលអាចទុកចិត្តបាន" ដើម្បីជួយឧបត្ថម្ភអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសឆែក លោក Jan Lipavský បានឲ្យដឹងថា ចាំបាច់ត្រូវពិចារណាពីភាពជាក់ស្តែងនិងលម្អិតនៃសំណើនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក José Manuel Albares បានសួរថា តើអ៊ុយក្រែនត្រូវការប្រាក់ប៉ុន្មាន ដើម្បីការពារទឹកដីរបស់ខ្លួន ហើយណាតូត្រូវធ្វើការសម្រេចចិត្តដើម្បីឆ្លើយតបយ៉ាងណា៕