ណាតូប្រកាសផែនការជាក់ស្តែងសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-ណាតូ
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ៥ ខែមករា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានឲ្យដឹងថា កិច្ចប្រជុំនាពេលខាងមុខរបស់ក្រុមប្រឹក្សារុស្ស៊ី-ណាតូ នៅរដ្ឋធានី Brussels ប្រទេសបែលហ្ស៊ិក នឹងបានប្រព្រឹត្តទៅនៅវេលាម៉ោង ១០ ថ្ងៃទី ១២ ខែមករា(ម៉ោងនៅតំបន់)។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg។ (រូបថត៖ AFP/TTXVN)
|
សេចក្តីថ្លែងការនេះបានលើកច្បាស់ថា៖ នៅថ្ងៃទី ១២ខែមករាឆ្នាំ ២០២២ កិច្ចប្រជុំរបស់ក្រុមប្រឹក្សារុស្ស៊ី-ណាតូនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ណាតូ។ បន្ទាប់ពីកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នឹងអញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងនាមជាប្រធានក្រុមប្រឹក្សាណាតូ-រុស្ស៊ី។ កិច្ចប្រជុំនេះនឹងបានចាប់ផ្តើមនៅវេលាម៉ោង១០ព្រឹក ហើយសន្និសីទសារព័ត៌មានរបស់អគ្គលេខាធិការណាតូនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃដដែលផងដែរ។
រីឯភាគីរុស្ស៊ីវិញ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានឲ្យដឹងថា រុស្ស៊ីទន្ទឹងរង់ចាំលទ្ធផលជាក់ស្តែងនៃកិច្ចសន្ទនានាពេលខាងមុខជាមួយណាតូ ស្តីពីការធានាសន្តិសុខនិងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសន្ទនាជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ រុស្ស៊ីនឹងបញ្ជូនគណៈប្រតិភូអន្តរក្រសួងមួយក្រុម រួមមានមន្ត្រីមួយចំនួននៃក្រសួងការបរទេស និងការពារជាតិ រួមទាំងលោក Grushko ទៅចូលរួមកិច្ចសន្ទនាជាមួយអង្គការណាតូ៕