ណាតូមិនទាន់យល់​ស្របអំពីយថាទស្សន៍នៃការចូលរួមសម្ព័ន្ធភាពរបស់អ៊ុយក្រែន​នៅឡើយទេ​

(VOVWORLD) - អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃទី៩ ខែកក្កដា បានឲ្យដឹងថា បណ្តាប្រទេសសមាជិកណាតូមិនទាន់ឈានដល់សេចក្តីសម្រេចចុងក្រោយស្តីពីយថាទស្សន៍នៃការចូលរួមសម្ព័ន្ធភាពយោធានេះរបស់អ៊ុយក្រែននៅឡើយទេ។
ណាតូមិនទាន់យល់​ស្របអំពីយថាទស្សន៍នៃការចូលរួមសម្ព័ន្ធភាពរបស់អ៊ុយក្រែន​នៅឡើយទេ​ - ảnh 1ទាហានអ៊ុយក្រែនបំពេញភារកិច្ចនៅតំបន់ Donetsk ក្នុងខែតុលា ឆ្នាំ ២០២២។ រូបថត៖ AFP/VNA

ថ្លែងមតិនៅរដ្ឋធានី Vilnius ប្រទេស Litva បន្ទាប់ពីជំនួបសន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Stoltenberg បានកត់សម្គាល់ថា ការពិគ្រោះយោបល់អំពីលក្ខខណ្ឌដើម្បីអ៊ុយក្រែនក្លាយជាសមាជិកណាតូនៅតែបន្ត ប៉ុន្តែលោកធានាថា សម្ព័ន្ធមិត្តនឹងនាំចេញសារដ៏ល្អប្រសើរ រឹងមាំ និងសកម្មនៅក្នុងសន្និសីទកំពូលរបស់ណាតូ ដែលអូសបន្លាយរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១-១២ កក្កដា នៅទីក្រុង Vilnius។

ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិនៅលើកាណាល់ទូរទស្សន៍ ZFD នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអាល្លឺម៉ង់លោក Oleksi Makiev បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេល៥០០ថ្ងៃកន្លងទៅ យើងខ្ញុំបានបង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួមណាតូ"។ លោកឯកអគ្គរដ្ឋទូត Makeiev បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការសន្យាយ៉ាងច្បាស់លាស់អំពីសមាជិកភាព ទោះបីជាមិនបដិសេធថា អ៊ុយក្រែននឹងពិបាកក្លាយទៅជាសមាជិកណាតូមុនពេលជម្លោះយោធាបានបញ្ចប់ក៏ដោយ។

ប្រតិកម្មចំពោះការដែលណាតូជំរុញដំណើរការបញ្ចូលអ៊ុយក្រែនជាសមាជិកនោះ កាលពីថ្ងៃទី ១០ កក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង  បានឲ្យដឹងថា ការដែលអ៊ុយក្រែនចូលរួម NATO នឹងបង្កផលវិបាកអវិជ្ជមានទៅលើរចនាសម្ព័ន្ធសន្តិសុខរបស់អឺរ៉ុប ហើយបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់កាយវិការបែបនេះ។ លោក Dmitry Peskov បានសង្កត់ធ្ងន់លើគោលជំហរច្បាស់លាស់និងឥតងាករេរបស់សហព័ន្ធរុស្ស៊ីថា សមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែននឹងក្លាយជាគ្រោះថ្នាក់យ៉ាងដាច់ខាត ជាការគំរាមកំហែងដល់សហព័ន្ធរុស្ស៊ី។ ដូច្នេះ ចាំបាច់ត្រូវមានប្រតិកម្មច្បាស់លាស់និងគ្រប់គ្រាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ