តាំងពីដើមឆ្នាំមកវៀតណាមបាននាំចេញអង្ករជាង ៧លានតោន ដែលមានតម្លៃជិត ៤ពាន់លានដុល្លារអាមេរិក
(VOVWORLD) - បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចេញអង្ករក្នុងរយៈពេល ១០ខែដើមឆ្នាំនេះបានកើនឡើង ១៧% នៅក្នុងទិន្នផល និង ៣៥% នៅក្នុងតម្លៃ។
វាគ្មិនបានពិភាក្សាក្នុងសិក្ខាសលា (រូបថត៖ VOV) |
ក្នុងសិក្ខាសាលាប្រចាំឆ្នាំ “ដំណោះស្រាយដើម្បីលើកកំពស់ប្រសិទ្ធភាពខ្សែសង្វាក់តម្លៃអង្ករវៀតណាម” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុង Can Tho សមាគមស្បៀងអាហារវៀតណាម (VFA) បានដកស្រង់ទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា រយៈពេល ១០ខែក្នុងឆ្នាំនេះ វៀតណាមបាននាំចេញអង្ករប្រមាណ ៧,១លានតោន ដែលមានតម្លៃជិត ៤ពាន់លានដុល្លារអាមេរិក។
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចេញអង្ករក្នុងរយៈពេល ១០ខែដើមឆ្នាំនេះបានកើនឡើង ១៧% នៅក្នុងទិន្នផល និង ៣៥% នៅក្នុងតម្លៃ។ លើសពីនេះ យោងតាម VFA គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា អង្ករវៀតណាមមានតម្លៃខ្ពស់បំផុតបើធៀបនឹងក្រុមប្រទេសនាំចេញអង្ករធំៗនៅលើពិភពលោក។ ជាក់ស្តែង អង្ករដែលមានចុងអង្ករ ៥% របស់វៀតណាមមានតម្លៃ ៦៥៣ ដុល្លារ/តោន ថៃមានតម្លៃ ៥៦០ ដុល្លារ/តោន និងប៉ាគីស្ថានមានតម្លៃ ៥៦៣ ដុល្លារ/តោន។ អង្ករដែលមានចុងអង្ករ ២៥% របស់វៀតណាមត្រូវបានជួញដូរក្នុងតម្លៃ ៦៣៨ ដុល្លារ/តោន ថៃតម្លៃ ៥២០ ដុល្លារ/តោន និងប៉ាគីស្ថានតម្លៃ ៤៨៨ ដុល្លារ/តោន។
លោក Nguyen Ngoc Nam ប្រធាន VFA បានវាយតម្លៃលទ្ធផលនាំចេញជាវិជ្ជមានចាប់ពីដើមឆ្នាំនេះ ដោយសារការខិតខំប្រឹងប្រែងពីភាគីជាច្រើន៖“អនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី អង្គភាពអាជីវកម្ម សមាជិកសមាគមស្បៀងអាហារវៀតណាម និងអង្គភាពក្នុងខ្សែសង្វាក់ឧស្សាហកម្មស្រូវបានសម្របសម្រួល និងរួមដំណើរជាមួយស្ថាប័ន សាខា និងប្រជាកសិករ ដាក់ពង្រាយភារកិច្ច និងដំណោះស្រាយដែលនាំមកនូវលទ្ធផលជាក់ស្តែង”។
យ៉ាងណាមិញ អ្នកវិភាគទីផ្សារជាច្រើនជឿជាក់ថា អាជីវកម្មវៀតណាមត្រូវកែលម្អខ្លឹមសារបច្ចេកវិទ្យាក្នុងការកែច្នៃអង្ករ និងកាត់បន្ថយថ្លៃដើមផលិតកម្ម ដូច្នេះ នឹងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង និងសម្រេចបាននូវគោលដៅនាំចេញអង្ករចំនួន ៨លានតោននៅឆ្នាំនេះ៕