តំណាងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាមវាយតម្លៃខ្ពស់ចំពោះមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - សេចក្ដីសម្រេចចិត្តស្ដីពីការបង្កើតមូលនិធិ វ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានអង្គការអន្តរជាតិមួយចំនួនប្រចាំនៅវៀតណាមវាយតម្លៃខ្ពស់។
ពិធីបង្ហាញមូលនិធីវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VGP) |
លោក Kamal Malhotra អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាមបានវាយតម្លៃថាការបង្កើតមូលនិធិវ៉ាក់សាំង បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩គឺជាគំនិតផ្តួចផ្តើមដ៏ល្អ ហើយត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ។
ចំណែកលោកបណ្ឌិត Kidong Park តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានឱ្យដឹងថា ការកៀរគរប្រភពធនធានដើម្បីលើកកម្ពស់ការទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ របស់រដ្ឋាភិបាលវៀតណាមគឺពិតជាទាន់ពេលវេលា និងសមស្របនឹងគំនិតផ្តួចផ្តើមវ៉ាក់សាំងសកល។ យោងតាមតំណាងរបស់អង្គការសុខភាពពិភពលោកថា ការដែលរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយសមភាព និងប្រសិទ្ធភាពនូវប្រភពកម្លាំងពីប្រជាជន និងសហគ្រាសឯកជននឹងនាំមកនូវ តម្លៃថ្មីដល់យុទ្ធសាស្រ្តឆ្លើយតបនឹងជំងឺកូវីដ ១៩។
លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅ វៀតណាមបានមានប្រសាសន៍ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ UNDP អំពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមបានឲ្យដឹងថា ប្រជាជនវៀតណាមគាំទ្រនឹងសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល នៅកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅលើពិភពលោក ។ដូច្នេះអ្នកតំណាង UNDP ជឿជាក់ថា ប្រជាជន ជាពិសេសគឺសហគ្រាសដែលមានសក្តានុពលហិរញ្ញវត្ថុរឹងមាំនឹងគាំទ្រ ការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមបរិច្ចាគក្នុងមូលនិធិវ៉ាក់សាំងនេះ។
ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងនាយិកាប្រចាំប្រទេសនៃធនាគារពិភពលោក (WB) នៅវៀតណាមលោកស្រី Carolyn Turk ក៏បានវាយតម្លៃខ្ពស់ចំពោះការបង្កើត មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕