តំណាងអ៊ីរ៉ង់និង EU នឹងធ្វើការពិភាក្សាអំពីលទ្ធភាពចាប់ផ្តើមការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ
(VOVWORLD) - នៅថ្ងៃទី២៥ ខែតុលា ប្រធានគណៈប្រតិភូចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់លោក Ali Bagheri Kani បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា លោកនឹងមានជំនួបលើកទីពីរក្នុងខែនេះ ជាមួយអ្នកសម្របសម្រួលសហភាពអឺរ៉ុបលោក Enrique Mora ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ។
បេសកជនពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Enrique Mora (ទី ២ ខាងស្តាំ) ក្នុងកិច្ចពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Ali Bagheri (ទី ៣ខាងឆ្វេង) នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP/VNA) |
ជំនួបប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្សិក ដោយបន្តធ្វើការពិភាក្សាអំពីការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងបណ្តាប្រទេសP5+1(អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់)។ នាថ្ងៃដដែលនោះ បេសកជនពិសេសជួរមុខរបស់អាមេរិកទទួលបន្ទុកបញ្ហាអ៊ីរ៉ង់បានព្រមានថា កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងស្ថិតក្នុង "ដំណាក់កាលដ៏សំខាន់បំផុត" ហើយបានចាត់ទុកថា ហេតុផលកាន់តែតិចទៅៗសម្រាប់ទីក្រុងតេហេរ៉ង់ពន្យារពេលភ្ជាប់ការចរចា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Robert Malley បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភកាន់តែខ្លាំងថាអ៊ីរ៉ង់នឹងបន្តពន្យារពេលការភ្ជាប់ការចរចាឡើងវិញ ហើយបានព្រមានថាអាមេរិកមានឧបករណ៍ផ្សេងទៀតដើម្បីទប់ស្កាត់អ៊ីរ៉ង់ធ្វើម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ហើយនឹងប្រើប្រាស់ប្រសិនបើចាំបាច់៕