តំបន់ភាគកណ្តាលទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា
(VOVWORLD) - ចំនួនភ្ញៀវទេសចរអន្តរជាតិទៅកាន់ទីក្រុងឆ្នេរសមុទ្រ នៅតាមតំបន់ភាគកណ្តាលនៃប្រទេសវៀតណាមតាមនាវា កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ មូលដ្ឋាននានាក៏កំពុងឆ្លៀតយកឱកាស និងប្រៀបខ្លាំង បង្កើនការវិនិយោគ និងការផ្សព្វផ្សាយ ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរលំដាប់ខ្ពស់នេះឱ្យមានប្រសិទ្ធភាពផងដែរ។
ភ្ញៀវទេសចរមកកាន់ Hue តាមផ្លូវសមុទ្រ។ (រូបថត៖ VNA) |
តាំងពីដើមឆ្នាំមកដល់ពេលនេះ ទីក្រុង Nha Trang (ខេត្ត Khanh Hoa) បានទទួលស្វាគមន៍នាវាទេសចរណ៍ចំនួន ១៥ ជាបន្តបន្ទាប់ ដោយដឹកភ្ញៀវទេសចររាប់ពាន់នាក់ ក្នុងនោះមាននាវាទំនើបអន្តរជាតិដែលអាចផ្ទុកភ្ញៀវបានរហូតដល់ ៤០០០ នាក់។ ថ្មីៗនេះ កាលពីថ្ងៃទី ១៣ ខែមីនា នាវាទេសចរណ៍ Arcadia (សញ្ជាតិប៊ឺមូដា) បានដឹកភ្ញៀវទេសចរជាង ១៧០០ នាក់ទៅកាន់ Nha Trang ក្នុងការធ្វើដំណើរជុំវិញអាស៊ី។
ឆ្នាំនេះ ខេត្ត Khanh Hoa គ្រោងនឹងទទួលស្វាគមន៍នាវាទេសចរណ៍ចំនួន ៤៥ គ្រឿង ដោយមានភ្ញៀវទេសចររាប់ម៉ឺននាក់មកពីបណ្តាប្រទេសជុំវិញពិភពលោក (ភាគច្រើនជាប្រទេសអឺរ៉ុប)។
ដូចគ្នាដែរ នៅខេត្ត Thua Thien Hue តាមការព្យាករណ៍របស់មន្ទីរទេសចរណ៍ខេត្តនេះថា ក្នុងឆ្នាំនេះ ចំនួននាវាទេសចរណ៍ចូលចតនៅកំពង់ផែ Chan May អាចកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ឬច្រើនជាងនេះទៅទៀត។ ទន្ទឹមនឹងនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកទីក្រុង Hue នឹងកើនឡើងយ៉ាងខ្លាំងផងដែរ។
រហូតមកដល់ពេលនេះ មាននាវាប្រមាណ ៤០ គ្រឿង បានចុះឈ្មោះចូលចតនៅកំពង់ផែ Chan May ក្នុងឆ្នាំ ២០២៤ ដែលនាវានីមួយៗដឹកអ្នកដំណើរ និងនាវិករាប់ពាន់នាក់។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា មកប្រទេសវៀតណាមភាគច្រើនជាវណ្ណៈកណ្តាល និងវណ្ណៈខ្ពស់ ដែលមានការចំណាយកម្រិតខ្ពស់លើតម្រូវការទេសចរណ៍៕