តបស្នងសងគុណចំពោះកម្មាភិបាលវិស័យអប់រំ ក្នុងទិវាគ្រូបង្រៀនវៀតណាម
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា៖ ការច្នៃប្រឌិតអប់រំ បង្កើតនូវតម្រូវការជាច្រើន និងបញ្ហាប្រឈមដ៏ធំធេងសម្រាប់វិស័យទាំងមូល។ ដូច្នេះ វិស័យអប់រំ ត្រូវបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងលើកទឹកចិត្តពីភ្នាក់ងារសារព័ត៌មាន ក្នុងការអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត។
កម្មវិធីជួបសំណេះសំណាល និងតបស្នងសងគុណដល់កម្មាភិបាលដែលបម្រើការងារក្នុងវិស័យអប់រំ។ រូបថត៖ VOV |
ក្នុងឱកាសរំលឹកខួបលើកទី ៤១ នៃទិវាគ្រូបង្រៀនវៀតណាម (១៩៨២-២០២៣) នារសៀលថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ ទីភ្នាក់ងារសារព័ត៌មានចំនួន ៤ រួមមាន៖ វិទ្យុសម្លេងវៀតណាម កាសែតប្រជាជន ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទូរទស្សន៍វៀតណាមបានសម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល ដើម្បីរៀបចំកម្មវិធីជួបសំណេះសំណាល និងតបស្នងសងគុណដល់កម្មាភិបាលដែលបម្រើការងារក្នុងវិស័យអប់រំ។
អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមលោក Do Tien Sy និងអគ្គនាយករង លោក Pham Manh Hung ជូនកម្រងផ្កា អបអរសាទរលោកគ្រូអ្នកគ្រូ នាថ្ងៃទី២០ ខែវិច្ឆិកា។ រូបថត៖ VOV |
អញ្ជើញចូលរួមក្នុងជំនួបសំណេះសំណាលនេះ លោកគ្រូ អ្នកគ្រូឆ្នើមនៅតាមតំបន់លំបាកជាច្រើននៅទូទាំងប្រទេស បានបញ្ជាក់ថា នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ អស់ពីចិត្ត ដើម្បីសិស្សានុសិស្សជាទីគោរពស្រឡាញ់។ អ្នកគ្រូ Dang Thi Nu គ្រូបង្រៀនសាលាអនុវិទ្យាល័យ Sung Trai ស្រុក Dong Van ខេត្ត Ha Giang បានចែករំលែកថា៖
“សម្រាប់គ្រូបង្រៀន ការងារសំខាន់គឺបង្រៀន ផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលបុគ្គលិកលក្ខណៈសម្រាប់ប្អូនៗសិស្ស។ នោះជាការងារលំបាកមួយ ប៉ុន្តែក៏ជាការងារគួរជាទីមោទនៈ។ រូបនាងខ្ញុំផ្ទាល់ នឹងបន្តខិតខំដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាងនេះនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ខ្ញុំក៏សង្ឃឹមថានឹងមានឱកាសបង្ហាញសក្តានុពលពេញលេញរបស់ខ្លួន និងរួមចំណែកបន្ថែមទៀតដល់វិស័យអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son ។ រូបថត៖ VOV |
ថ្លែងមតិក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា៖ ការច្នៃប្រឌិតអប់រំបង្កើតនូវតម្រូវការជាច្រើន និងបញ្ហាប្រឈមដ៏ធំធេងសម្រាប់វិស័យទាំងមូល។ ដូច្នេះ វិស័យអប់រំ ត្រូវបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងលើកទឹកចិត្តពីភ្នាក់ងារសារព័ត៌មាន ក្នុងការអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត៕