ថ្ងៃនេះប្រព្រឹត្តទៅការបោះឆ្នោតជុំទី ៣ នៃការបោះឆ្នោតសភាជាន់ទាបឥណ្ឌាឆ្នាំ ២០២៤
(VOVWORLD) - ការបោះឆ្នោតជុំទីបីក្នុងការបោះឆ្នោតសភាជាន់ទាបឥណ្ឌាឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅថ្ងៃទី ៧ ឧសភានេះ។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៩៣ កន្លែង ដែលលាតសន្ធឹងនៅទូទាំងរដ្ឋចំនួន ១០ និងដែនដីសហព័ន្ធមួយនៃប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។
ការិយាល័យបោះឆ្នោតបានត្រៀមរួចរាល់សម្រាប់ការបោះឆ្នោតជុំទី ៣ នៃការបោះឆ្នោតសភាជាន់ទាបឥណ្ឌាឆ្នាំ ២០២៤ (រូបថត៖ TheHindu) |
អ្នកបោះឆ្នោតប្រហែល ១៣០ លាននាក់ មានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតជុំទី ៣ នៃការបោះឆ្នោតសភាជាន់ទាបនៅឥណ្ឌា។ ពួកគេនឹងជ្រើសរើសសមាជិកសភាថ្មីពីបេក្ខជនជាង ១.៣០០ នាក់ដែលចូលរួមក្នុងការបោះឆ្នោត។ លទ្ធផលនៃដំណាក់កាលនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើលទ្ធផលបោះឆ្នោតចុងក្រោយ ដោយមានការចូលរួមពីឥស្សរជនដ៏មានឥទ្ធិពលពីគណៈបក្ស BJP ដែលកំពុងកាន់អំណាច និងប្លុកនយោបាយប្រឆាំងសម្ព័ន្ធដើម្បីការអភិវឌ្ឍជាតិគ្រប់ជ្រុងជ្រោយឥណ្ឌា (INDIA) ដែលដឹកនាំដោយគណបក្សសមាជជាតិ។
ការយកចិត្តទុកដាក់ទាំងអស់គឺផ្តោតលើគណៈបក្ស BJP ដោយសារតែគណបក្សនេះបានឈ្នះអាសនៈភាគច្រើនលើសលប់នៅក្នុងរដ្ឋ Gujarat, Karnataka និង Madhya Pradesh ទាំងអស់សុទ្ធតែស្ថិតនៅក្នុងមណ្ឌលបោះឆ្នោតក្នុងការបោះឆ្នោតជុំទីបីនៃការបោះឆ្នោតសកល ឆ្នាំ ២០១៩។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌា មានអ្នកសង្កេតការណ៍ចំនួន ៧៥ នាក់មកពីប្រទេសចំនួន ២៣ ក៏នឹងចូលរួមក្នុងការត្រួតពិនិត្យដំណើរការបោះឆ្នោតនៅពេលនេះផងដែរ៕