ថែទាំជីវភាពរស់នៅ ​ធានាឲ្យជនពិការធ្វើសមាហរណកម្ម និងឈាន​ទៅមុខ​

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិទទួលបន្ទុកជនពិការវៀតណាមបានសហការជាមួយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សមាគមប៉ារ៉ាឡាំពិកវៀតណាម អបអរសាទរទិវាជនពិការអន្តរជាតិ (ថ្ងៃទី ៣ ធ្នូ) ក្រោមប្រធានបទ “កីឡា - សមាហរណកម្ម - ឈានទៅមុខ” និងរៀបចំវេទិកាផ្ទៀងស្ដាប់សម្លេងរបស់ជនពិការ។

លោក Nguyen Van Hoi អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនពិការវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ជនពិការវៀតណាមតែងតែទទួលបានការយកចិត្តទុកដាក់ពីរដ្ឋ។ សិទ្ធិរបស់ជនពិការត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងក្រមច្បាប់របស់ជាតិជាច្រើន ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមបានចុះហត្ថលេខា។ ហេតុដូច្នេះ ចំនួនជនពិការទទួលបានផលពីគោលនយោបាយនិងកម្មវិធីថែទាំជនពិការរបស់រដ្ឋនិងសហគមន៍កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ថែទាំជីវភាពរស់នៅ ​ធានាឲ្យជនពិការធ្វើសមាហរណកម្ម និងឈាន​ទៅមុខ​ - ảnh 1ពិធីប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ របស់ប្រធានរដ្ឋ និងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីរដ្ឋភិបាល ជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជនពិការ។ រូបថត៖ TTXVN

ប្រធានបទនៃទិវាជនពិការអន្តរជាតិឆ្នាំនេះត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជា "កីឡា - សមាហរណកម្ម - ឈានទៅមុខ" សំដៅជំរុញចលនាអប់រំកាយ និងកីឡារបស់ជនពិការ លើកកម្ពស់សុខភាពនិងការធ្វើសមាហរណកម្មទៅក្នុងជីវភាពសង្គមរបស់ជនពិការ។ នាបច្ចុប្បន្ន នៅវៀតណាមមានខេត្តក្រុងចំនួន ៣៥ បានរៀបចំចលនាកីឡាសម្រាប់ជនពិការជាប្រចាំ ទាក់ទាញកីឡាករជនពិការរាប់ពាន់នាក់ចូលរួម។ មានកីឡាករជនពិការជាច្រើននាក់ទទួលបានស្នាដៃឆ្នើមនៅថ្នាក់ជាតិ និងអន្តរជាតិដូចជា៖ កីឡាករ លើកទម្ងន់ Le Van Cong កីឡាករ  Le Tien Dat និងកីឡាការិនី Vi Thi Hang ក្នុងប្រភេទកីឡាហែលទឹក។ លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានឲ្យដឹងថា៖ “ចលនាកីឡារបស់ជនពិការមានការរីកចម្រើនយ៉ាងខ្លាំង ជាជំហានៗ លើកទឹកចិត្ត និងប្រមូលផ្តុំជនមានជោគវាសនាមិនសូវមានសំណាង ចូលរួមក្នុងការហាត់ពត់លត់ដំកីឡា តាមនោះ បង្កលក្ខណៈងាយស្រួលសម្រាប់ពួកគេក្នុងការធ្វើសមាហរណកម្មជាមួយសហគមន៍ និងរួមចំណែកទេពកោសល្យ កម្លាំងកាយចិត្តនិងបញ្ញា ដើម្បីលើកកម្ពស់សមិទ្ធិផលកីឡាជនពិការវៀតណាមលើឆាកអន្តរជាតិ”។

ក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ របស់លោកប្រធានរដ្ឋ ជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជាជនពិការចំនួន២២រូប និងប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីរដ្ឋភិបាល ជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន១១រូប ដែលទទួលបានស្នាដៃឆ្នើមនៅព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២ (អាស៊ានប៉ារ៉ាហ្គេម ១២) ដែលប្រព្រឹត្តទៅកាលពីខែមិថុនា ទៅនៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ