ថ្នាក់ដឹកនាំនៃបណ្តាប្រទេស អ្នកជំនាញនិងប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោក កោតសរសើរចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - នាថ្ងៃទី ២២ ខែមករា គេហទំព័រផ្លូវការរបស់បក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (KPRF) បានចុះផ្សាយទាំងស្រុងនូវលិខិតអបអររបស់ប្រធាន KPRF លោក Gennady Ziuganov ដែលបានផ្ញើជូនមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម។
នៅក្នុងលិខិតនេះ ប្រធាន KPRF បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្ស តែងតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅក្នុងជីវភាពរបស់បក្ស ដែលជាព្រឹត្តិការណ៍សំខាន់ ក៏ដូចជារយៈពេលមួយដើម្បីបូកសរុបការអនុវត្តការងារដែលបានធ្វើកន្លងមក រួមទាំងដាក់ចេញផែនការ ដំណោះស្រាយថ្មីៗសម្រាប់ដំណាក់កាលនាអនាគត។
ចំណែកឯប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម លោក Vladimir Buyanov ក៏បានផ្ញើសារស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកតំណាងនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមនិងប្រជា ជនវៀតណាមទាំងមូលផងដែរ។ យោងតាមលោករូបនេះ ខ្លឹមសារនៃសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្ស បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមទាំងមូល បន្តដើរតាមមាគ៌ានៃការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតថ្មី ឆ្ពោះទៅអនាគត ដោយប្រែក្លាយវៀតណាមទៅជាប្រទេសសម្បូររុងរឿង និងប្រជាជនរស់នៅក្នុងសេចក្តីសប្បាយសុភមង្គល។
(រូបថត៖ dangcongsan.vn) |
ប៉ុន្មានថ្ងៃនេះ នៅមុនថ្ងៃប្រារព្ធមហាសន្និបាតរបស់បក្ស បណ្តាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិសំខាន់ៗជាច្រើន បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលថ្មីៗ ដែលវៀតណាមទទួលបាន ក្នុងនោះមានការគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩ និងរក្សាល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថេរភាព។
ដោយមានចំណងជើងថា “វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់មហាសន្និបាតបក្ស” កាសែតភ្នំពេញប៉ុស្ត៍របស់កម្ពុជា បានសង្កត់ធ្ងន់ទៅលើសកម្មភាពត្រៀមរៀបចំរបស់វៀតណាមសម្រាប់មហាសន្និបាតបក្សលើក ទី ១៣។ កាសែតភ្នំពេញប៉ុស្តិ៍ក៏បានរាយការណ៍អំពីសមយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធវៀតណាមក្នុងការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សផងដែរ។
សេដ្ឋវិទូ Edward Teather នៃក្រុមអ្នកវិភាគ UBS Research បានចែករំលែកនៅលើទំព័រ CNBC ថា “វៀតណាមកំពុងទទួលរងការបាត់បង់បណ្តាលពីផលប៉ះពាល់នៃ កូវីដ ១៩ ប៉ុន្តែវៀតណាមនៅតែជាចំណុចមួយដ៏ភ្លឺស្វាងបំផុតនៅក្នុងតំបន់។ យ៉ាងណាមិញ វៀតណាមកំពុងអភិវឌ្ឍន៍និងមានជំហរល្អក្នុងការបន្ត ដណ្តើមចំណែកទីផ្សារពិភពលោក ក្នុងវិស័យនាំចេញនាពេលអនាគត។ ដូច្នេះទស្សនវិស័យពិតជាភ្លឺ បើប្រៀបធៀបទៅនឹងស្ថានភាពរួមនៃតំបន់ទាំងមូល។
រីឯកាសែត The Sunday Time របស់សិង្ហបុរី ក៏បានចុះផ្សាយអត្ថបទមួយដោយវាយតម្លៃថា វៀតណាមកំពុងត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់ពិសេស ក្នុងលក្ខខ័ណ្ឌអំណោយផលដែលប្រទេសច្រើនពុំមាន។ លក្ខណៈអំណោយផលនោះគឺ ស្ថានភាពកូវីដ ១៩ត្រូវបានគ្រប់គ្រងយ៉ាងល្អ ខណៈដែល ល្បឿនកំណើនសេដ្ឋកិច្ចមានការវិឌ្ឍយ៉ាងឆាប់រហ័សបើប្រៀបធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។ ជាមួយគ្នានោះ វៀតណាមកំពុងទាក់ទាញវិនិយោគិនបរទេសយ៉ាងខ្លាំង ជាពិសេស វៀតណាមទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយសហភាពអឺរ៉ុប (EU) ផងដែរ៕