ថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្ញើសារទូរលេខនិងសារលិខិតអបអរសាទរទិវាបុណ្យជាតិលើកទី ៧៦ របស់វៀតណាម
(VOVWORLD) - ក្នុងឱកាសខួបលើកទី ៧៦ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១) ថ្នាក់ដឹកនាំ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី កាណាដា រ៉ូម៉ានី ប៉ាគីស្ថាន ប៉ាឡេស្ទីន ទួរគី ស្រីលង្កា ហ្វាំងឡង់ កាហ្សាក់ស្ថាននិងអគ្គលេខាធិការហ្វ្រង់កូហ្វូនីបានផ្ញើសារទូរលេខ សារលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋ វៀតណាម។
ពិធីគោរពទង់ជាតិនាព្រឹកថ្ងៃបុណ្យជាតិវៀតណាមនៅទីលាន Ba Dinh - ហាណូយ (រូបថត៖ Duc Anh/VOV) |
នៅក្នុងសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind មានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាមួយវៀតណាម ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរគ្រោងនឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២។ លោកប្រធានាធិបតី Ram Nath Kovind បានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌាបានសហការយ៉ាងជិតស្និទ្ធនិងជួយគ្នាទៅវិញទៅមកក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ និងបានបង្ហាញនូវទំនុកចិត្តថា ប្រទេសទាំងពីរនឹងជំនះរាល់បញ្ហាប្រឈមទាំងនេះ។
អធិរាជជប៉ុន Naruhito បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងប្រធានរដ្ឋសភាលោក Park Byeong Seug បានផ្ញើសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។ នៅក្នុងទូរលេខ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានសម្តែងនូវជំនឿរបស់ខ្លួនថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលត្រូវបានពូនជ្រុំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នឹងបន្តអភិវឌ្ឍន៍ប្រកបដោយភាពត្រចះត្រចង់ រួមទាំងជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅ ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រជាជនវៀតណាម។ នៅក្នុងសារទូរលេខ ប្រធានាធិបតីលោក Joe Biden បានសម្តែងមោទនភាពចំពោះការ ដែលថា ប្រទេសទាំងពីរបានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកសាងភាពជាដៃគូដើម្បីសន្តិភាព វិបុលភាពនិងសន្តិសុខសម្រាប់តំបន់។ ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងប្រគៀកស្មារជាមួយវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
អគ្គទេសាភិបាលអូស្រ្តាលីលោក David Hurley បានផ្ញើលិខិតអបអរសាទរ ជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងបានបញ្ជាក់ថា លោកនឹងបន្តគាំទ្រវៀតណាមក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩។ ទន្ទឹមនឹងនេះ លោកបានបង្ហាញនូវជំនឿជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើននាពេលខាងមុខនេះ។
នៅក្នុងសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានអះអាងថា អាល្លឺម៉ង់មានបំណងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងជឿជាក់ជាមួយវៀតណាមទោះបីស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ មានការវិវត្តស្មុគស្មាញក៏ដោយ៕