ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលចុះសួរសុខទុកនិងជូនអំណោយបុណ្យតេតតាមមូលដ្ឋាន
(VOVWORLD) - ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នារសៀលថ្ងៃទី ៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចុះសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតដល់ជនងាយរងគ្រោះ ដែលកំពុងទទួលការថែទាំនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Quang Nam។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញអំណោយចំពោះកម្មាភិបាលនិងនិយោជិកនៃមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Quang Nam (រូបថត៖ កាសែត Quang Nam) |
អញ្ជើញជូនពរបុណ្យតេតសម្រាប់ជន វ័យចំណាស់ ជនពិការនិងកុមារកំព្រា រួមជាមួយកម្មាភិបាល បុគ្គលិក នៃមជ្ឈមណ្ឌលគាំពារសង្គម ខេត្ត Quang Nam នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអះអាងថា ក្នុងការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ បក្សនិងរដ្ឋ តែង តែយកចិត្តទុកដាក់ដល់ជនងាយរងគ្រោះក្នុងសង្គម។ ហេតុដូច្នេះ ក្រសួងស្ថាប័ននានាលើទូទាំងប្រទេស ត្រូវបំពេញល្អ នូវគោលនយោបាយនេះដើម្បីកុំឱ្យមាននរណាម្នាក់ ត្រូវបោះ បង់ចោល ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ក៏នាថ្ងៃទី ៥ កុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយតេតនៅឃុំ Phong Dien ស្រុក Phong Dien ខេត្ត Thua Thien Hue ។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានប្រគល់អំណោយបុណ្យតេតចំនួន ២០០ កញ្ចប់ ជូនចំពោះគ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រឃុំ Phong Dien ស្រុក Phong Dien ដើម្បីជួយប្រជាកសិករនៅទីនេះ ទទួលអំណរឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅនិងសប្បាយរីករាយ។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យ តេតជូនប្រជាជននៅភូមិ Thai Hung ឃុំ Muòng Sang ស្រុក Moc Chau ខេត្ត Son La។ នៅទីនេះ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថាមូលដ្ឋានត្រូវយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការទប់ជំងឹរាតត្បាត កូវីដ ១៩ ក៏ដូចជា ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ រួមទាំងមានការធានាសន្តិសុខតាមព្រំដែនផងដែរ។
នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញទៅកាន់ខេត្ត Hau Giang ដើម្បីសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅឃុំ Long Thanh ស្រុក Phung Hiep និងឃុំ Thanh Xuan ស្រុក Chau Thanh ផងដែរ។ លោកក៏បានប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅឃុំ Long Thanh ស្រុក Phung Hiep និងឃុំ Thanh Xuan ស្រុក Chau Thanh A ព្រមទាំងផ្ញើសារជូនពរឆ្នាំថ្មីប្រកបដោយសុខភាពនិងសុភមង្គល ក៏ដូចជា សូមចូលរួមជាមួយ ប្រជាជនទូទាំងប្រទេសស្វាគមន៍ឆ្នាំថ្មី ២០២១ ប្រកបដោយបរិយាកាសកក់ក្តៅនិងសុខដុមរមនា៕