ថ្នាក់ដឹកនាំប្រទេសនានាអបអរសាទរទិវាបុណ្យជាតិវៀតណាម

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៧៨ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំនៃប្រទេស៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ សាធារណៈរដ្ឋឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀត ណាម។

ថ្នាក់ដឹកនាំប្រទេសនានាអបអរសាទរទិវាបុណ្យជាតិវៀតណាម - ảnh 1រូបថត៖ Quang Trung/VOV

ក្នុងសារលិខិតអបអរសាទរ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអបអរសាទរប្រជា ជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជឿជាក់ថា វៀតណាមនឹងដើរទៅមុខយ៉ាងរឹងមាំ លើមាគ៌ាសង្គមនិយម ស្របតាមស្ថានភាពរបស់វៀតណាម។ ថ្នាក់ដឹកនាំចិនបានអះអាងថា តែងតែផ្តោតការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយមានបំណងចង់ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ  រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលបានដាក់ចេញ ក្នុងនោះមាន គោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានអះអាងថា វៀតណាមជាដៃគូប្រពៃណី និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វិក;  សង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ញើសារអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងអះអាងថា អាមេរិកគាំទ្រប្រទេសវៀតណាមរឹងមាំ វិបុលភាព ឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។ រដ្ឋាភិបាលអាមេរិកតែងតែកោតសរសើរចំពោះភាពជាដៃគូដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានកសាងរួមគ្នា ហើយទន្ទឹងរង់ចាំសហការគ្នាក្នុងវិស័យអាទិភាពនានា ដើម្បីលើកកម្ពស់គោលដៅរួមអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយភាពរីកចម្រើន បើកចំហ និងសន្តិភាព។

ប្រមុខការទូតអាមេរិកក៏បានសម្តែងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មកកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១០ និងថ្ងៃទី ១១ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ