ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង
(VOVWORLD) - អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Deok-Su ក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង, ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមបានអះអាងថា៖ ការដែលលោកនាយករដ្ឋមន្ត្រី Han Deok-Su អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងមកកាន់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានបង្ហាញថារដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូង។
លោកប្រធានរដ្ឋ តូ ឡឹមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។
ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Deok-Su ។ រូបថត៖ VOV |
នាថ្ងៃដដែល អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រី Han Deok-Su លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា កាលនៅរស់ លោកអគ្គលេខាបក្សតែងតែគោរព និងរួមចំណែកសំខាន់ជាច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Deok-Su។ រូបថត៖ Duong Giang/TTXVN |
រីឯខ្លួនវិញ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំវៀតណាមទាំងពីររូប លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានវាយតម្លៃថា វៀតណាមជាគោលដៅវិនិយោគដ៏មានសក្តានុពល; វាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងពិភពលោក; សង្ឃឹមថា នឹងរួមជាមួយវៀតណាមអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ។
ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុទ្ធជនពិការនិងជនមានគុណូបការៈអាល់ហ្សេរី ។ រូបថត៖ Nhan Sang/TTXVN |
នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋតូ ឡឹម បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុទ្ធជនពិការនិងជនមានគុណូបការៈអាល់ហ្សេរី លោក Laid Rebigua និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា Ajit Doval ក្នុងឱកាសលោកទាំងពីរដឹកនាំគណៈប្រតិភូមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ៕