ថ្នាក់ដឹកនាំស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជា
(VOVWORLD) - កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោក អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា Vu Ngoc Ly និងកម្មាភិបាលស្ថានអគ្គកុងស៊ុលបានអញ្ជើញចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងឱកាសរំលឹកខួបលើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិ (ទិវាបុណ្យជាតិ) នៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ឆ្នាំ ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ ២០២១)។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA) |
នៅក្នុងជំនួបនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេល ៦៨ ឆ្នាំកន្លងទៅ។ ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ប្រព័ន្ធនយោបាយ ដែលគណៈបក្សប្រជាជនកម្ពុជាដើរតួនាទីជាស្នូលនោះ ប្រទេសកម្ពុជាតែងតែរក្សាបាន ស្ថិរភាពនយោបាយ សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានធានា។ លោកអគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលបានផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់ពលករវៀតណាមដែលឆ្លងជំងឺ កូវីដ ១៩ ជាច្រើននាក់ក្នុងខេត្តព្រះសីហនុ ជាពិសេសគឺបានជួយចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់ពលរដ្ឋដើមកំណើតវៀតណាមដែលរស់នៅភូមិសាស្ត្រខេត្ត។
ជាការឆ្លើយតប លោក គួច ចំរើន អភិបាលខេត្តបានឲ្យដឹងថានាពេលថ្មីៗនេះ លោកបានចូលរួមសន្និសីទលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ធអនឡាញ។ លោកអភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា ខ្លឹមសារដែលសម្រេចបាននៅក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ នឹងក្លាយទៅជាត្រីវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននាពេលខាងមុខ ជាពិសេសក្នុងការគ្រប់គ្រងជំងឺ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងបរិបទជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះផងដែរ៕